Advertisement

យ៉ាងហោចណាស់មនុស្ស១១នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណី ជួញដូរថ្នាំញៀនទ្រុងទ្រាយធំ ពោលគឺជាង២០០គីឡូក្រាម ក្នុងក្រុងបាត់ដំបង

បាត់ដំបង៖ យ៉ាងហោចណាស់មានមនុស្ស១១នាក់ ត្រូវអាវុធហត្ថចាប់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធករណី ជួញដូរថ្នាំញៀនទ្រុងទ្រាយធំ ពោលគឺជាង២០០គីឡូក្រាម ស្ថិតនៅបុរីឯកភ្នំវីឡា ភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។

បើតាមការឱ្យដឹងពីក្រុមព័ត៌មានកងរាជអាវុធហត្ថ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ប្រតិបត្តិការនេះ ធ្វើឡើងរយៈ២ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់២២ ខែមករា ឆ្នាំ២០២៥ ដោយមានការចង្អុលបង្ហា ញពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពី លោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ការិយាល័យជំនាញឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់សរុប១០នាក់៖

ទី១-ឈ្មោះ ញឹប សាណី,
ទី២-ឈ្មោះ វិន ផាន់និ ហៅ ឃីម,
ទី៣-ឈ្មោះ សុខ វ៉ាន់ដា ហៅ ទ្រូ,
ទី៤-ឈ្មោះ វី វិនហាយ (ជាមេក្លោង),
ទី៥-ឈ្មោះ មួង ឌី (ជាមេក្លោង)
ទី៦-ឈ្មោះ សន បញ្ញា។
ទី៧-ឈ្មោះ រុំ សុវណ្ណ,
ទី៨-ឈ្មោះ ថេត ស្រីនា (ជាប្រពន្ធរបស់ឈ្មោះ វី វិនហាយ),
ទី៩-ឈ្មោះ សុច ចរិយា (ជាប្រពន្ធរបស់ឈ្មោះ មួង ឌី)
ទី១០-ឈ្មោះ រដ្ឋ ចន្ថា ភេទប្រុស នឹងទី១១ -ឈ្មោះ ឡឹប លីដា ហៅ អឹក។

ដោយឡែក វត្ថុតាងដែលកម្លាំងជំនាញដកហូតបានរួមមាន ថ្នាំញៀនសរុបចំនួន២១៣, អាវុធវែងខ្លីចំនួន៣ដើម ព្រមទាំងរថយន្តចំនួន២គ្រឿងផងដែរ។ បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *