Advertisement

ឯកឧត្តម វង្សី វិស្សុត ៖ ការនាំចេញនៅឆ្នាំ២០២៤ សម្រេចបានកំណើន ១៥,៧%

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាព្រឹកថ្ងៃទី២៦ ខែកុម្ភ: បានមានប្រសាសន៍ថា ការនាំចេញនៅឆ្នាំ២០២៤ សម្រេចបានកំណើន ១៥,៧% ហើយផលិតផលកម្ពុជាកាន់តែច្រើនកំពុងបោះជំហានចូលទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិ។ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានបន្តថា នៅទសវត្សរ៍ចុងក្រោយនេះ កត់សម្គាល់ឃើញថា ពិពិធកម្មសេដ្ឋកិច្ចកាន់តែមានវឌ្ឍនភាពល្អប្រសើរ ដោយក្នុងនោះយើងបានសង្កេតឃើញថាកម្ពុជាមានដៃគូពាណិជ្ជកម្មកាន់តែច្រើនជាងមុន ហើយក៏មានការកើនឡើងនៃការវិនិយោគក្នុងវិស័យដែលមានសក្តានុពល និងមានតម្លៃបន្ថែមខ្ពស់ក្រៅពីវិស័យកាត់ដេរ ដូចជាក្នុងផលិតកម្មគ្រឿងបង្គុំអេឡិចត្រូនិក និងដំឡើងរថយន្តជាដើម ដែលនាំឱ្យវិស័យកម្មន្តសាលទាំង កាត់ដេរ និងមិនមែនកាត់ដេរ ក្លាយជាវិស័យរួមចំណែកច្រើនជាងគេដល់កំណើនសេដ្ឋកិច្ច។

ឯកឧត្តម បានបន្តថា «នៅក្នុងដំណើរអភិវឌ្ឍក្នុងរយៈពេលមធ្យម និងពេលវែងទៅមុខ, កម្ពុជាត្រូវតែពង្រឹង និងពន្លឿនការអភិវឌ្ឍវិស័យឧស្សាហកម្មរបស់ខ្លួននិងត្រូវធ្វើបរិវត្តកម្ម និងពិពិធកម្មរចនាសម្ព័ន្ធ និងមូលដ្ឋានសេដ្ឋកិច្ចដែលបានទ្រទ្រង់កំណើនជាង២ទសវត្សរ៍កន្លងមកនេះឱ្យស្របតាមការវិវត្តនៃស្ថានភាពសង្គម-សេដ្ឋកិច្ចបច្ចុប្បន្នអាចបន្តទ្រទ្រង់កំណើនខ្ពស់ក្នុងរយៈពេលយូរនិងកាន់តែមានភាពធន់»៕

Leave a Reply

Your email address will not be published. Required fields are marked *