ភ្នំពេញ៖ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងនៅថ្ងៃទី១៧ មករា ឆ្នាំ២០២៥ថា ឆ្នាំ២០២៤ មានរថយន្តអគ្គិសនី(EV)ចុះបញ្ជីសរុប ២.២៥៣គ្រឿង កើនលើសឆ្នាំ២០២៣ ចំនួន៦២០%(ឆ្នាំ២០២៣ ចំនួន ៣១៣គ្រឿង) ខណៈដែលត្រីចក្រយាន និងទោចក្រយាន ក៏មានការកើនឡើងផងដែរ។
អ្នកនាំពាក្យបានលើកឡើងថាប្រជាពលរដ្ឋមានសុទិដ្ឋនិយមច្រើន និងបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះការប្រើប្រាស់យានយន្តអគ្គិសនី ដែលជានិន្នការថ្មី បើប្រៀបធៀបជាមួយការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ទនៈចំហេះក្នុងដែលជានិន្នាការចាស់។
ដ្ឋាភិបាលបានប្តេជ្ញាថានឹងសម្រេចឱ្យបាន ៤០ ភាគរយនៃការប្រើប្រាស់រថយន្តអគ្គិសនី និងរថយន្តក្រុង និង ៧០ ភាគរយនៃម៉ូតូអគ្គិសនីនៅឆ្នាំ២០៥០ ដើម្បីកាត់បន្ថយការបញ្ចេញកាបូន។
យោងតាមគោលនយោបាយជាតិសម្រាប់ការអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ការប្រើប្រាស់រថយន្ត EV ចំណាយត្រឹមតែ ៩,៦៣៣ រៀល (២,៣៤ ដុល្លារ) សម្រាប់ចម្ងាយផ្លូវ ១០០ គីឡូម៉ែត្រ ខណៈការប្រើប្រាស់រថយន្តសាំង ឬម៉ាស៊ូតចំណាយរហូតដល់ ៣៥,៧២៣ រៀល (៨,៦៩ ដុល្លារ)។
ក្រសួងក៏បានចុះបញ្ជីយានយន្តដែលប្រើសាំងចំនួន ៤១៣,០៦៧ គ្រឿងកាលពីឆ្នាំមុន។ក្នុងចំណោមការចុះបញ្ជីសរុប ម៉ូតូមានចំណែកច្រើនជាងគេដែលមានចំនួន ៣៥៣, ៦០៣ គ្រឿង តាមពីក្រោយដោយរថយន្តធុនស្រាលចំនួន ៥៤, ៦៩២ គ្រឿង និងរថយន្តធុនធ្ងន់ចំនួន ៥, ៨៤១ គ្រឿង៕
Leave a Reply