Advertisement

ស្ពានមិត្តភាពកម្ពុជា-កូរ៉េ តភ្ជាប់ពី ផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ ដែលមានតម្លៃប្រមាណ២៣៥លានដុល្លារ ចាប់ផ្តើមខួងត្រៀមចាក់គ្រឹះ ឆាប់ៗខាងមុខនេះហើយ

ភ្នំពេញ៖ ក្រុមមន្ត្រីជំនាញនៃក្រសួងសាធារណការ និង ដឹកជញ្ជូន កំពុងតែពិនិត្យសិក្សាស្រាវជ្រាវ ដើម្បីត្រៀមដំណើរការសាងសង់គម្រោង«មិត្តភាពកម្ពុជា-កូរ៉េ»តភ្ជាប់ពី ផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ។គម្រោងនេះ មិនទាន់កំណត់ពីពេលវេលាជាក់លាក់ ដើម្បីបើកការដ្ឋានសាងសង់ជាផ្លូវការនៅឡើយទេ។នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ប្រាប់ដល់សារព័ត៌មានក្រុងស្រុកនៅថ្ងៃទី ១៦ មករា កន្លងទៅនេះ។

យោងតាមព័ត៌មានចុងក្រោយនៃការវិវត្តចុងក្រោយនៃគម្រោងសាងសង់ស្ពាន«មិត្តភាពកម្ពុជា-កូរ៉េ» គឺបច្ចុប្បន្ននេះ ក្រុមមន្ត្រីជំនាញនៃក្រសួងសាធារណការ និង ដឹកជញ្ជូនកម្ពុជា បានឈានដល់ការខួងដី/យកសំណាកដីពិនិត្យ(បច្ចេកទេស) ដើម្បីត្រៀមចាក់គ្រឹះ និង ក្រុមអ្នកជំនាញកំពុងសិក្សាលម្អិត នៅផ្នែកសំខាន់ៗមួយចំនួនទៀត។

បើតាមមន្ត្រីអ្នកនាំពាក្យរូបនេះ បច្ចុប្បន្នក្រសួង និងភាគីពាក់ព័ន្ធនៃគម្រោងមិនទាន់កំណត់នៅឡើយសម្រាប់ពេលវេលាជាក់លាក់ណាមួយសម្រាប់បើកការដ្ឋានសាងសង់ជាផ្លូវការ ដោយរង់ចាំការប្រកាសដោយផ្ទាល់ពីប្រមុខថ្នាក់ដឹកនាំជាតិ។តែយ៉ាងណាក្តី កន្លងទៅក្រសួងធ្លាប់បង្ហើបថា គម្រោងតម្លៃប្រមាណ ២៣៥លានដុល្លារនេះ អាចនឹងបើកការដ្ឋានសាងសង់ជាផ្លូវការ ក្នុងរង្វង់ខែ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ក្រោយពេលសាងសង់រួច ស្ពាននេះនឹងជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ខាងកើតទន្លេមេគង្គ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវលំហូរ Logistics ពីភ្នំពេញទៅកាន់ផ្លូវជាតិលេខ ១, ២, ៣, ៤, ៥, ៦ និងលេខ ២១ តាមរយៈតំណភ្ជាប់ពីភ្នំពេញ ទៅកាន់ផ្លូវក្រវាត់ក្រុងទី៣ ដែលឆ្លើយតប នឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ក្នុងការពង្រឹងវិស័យសេវាសាធារណៈ សម្រាប់ការកែលម្អបរិយាកាសវិនិយោគទាក់ទងនឹងប្រសិទ្ធភាពគោលដៅ។

គួរបញ្ជាក់ថា គម្រោង«មិត្តភាពកម្ពុជា-កូរ៉េ» ប្រភេទស្ពានខ្សែកាប (Two cable stayed bridges) មានប្រវែងនៃស្ពានសរុប ២.៣៧៥ម៉ែត្រ និង ទទឹង ២៧,៥ម៉េត្រ ,ប្រវែងផ្លូវក្បាលស្ពានសរុប (Approach road) ១.១៧៤ម៉ែត្រ (ទទឹងផ្លូវ ២២,៥ម៉ែត្រ)។គម្រោងនេះ ត្រូវបានចុះហត្ថលេខា រួចហើយ រវាងរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២២៕

Leave a Reply

Your email address will not be published. Required fields are marked *