វ៉ាស៊ីនតោន ៖ រដ្ឋាភិបាលអាមេរិក កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបញ្ចប់បទប្បញ្ញត្តិមួយ ដែលនឹងហាមឃាត់ឡានឆ្លាតវៃដែលផ្ទុកបច្ចេកវិទ្យាចិននៅលើទីផ្សារសហរដ្ឋអាមេរិក ស្ថិតក្រោមហេតុផលហានិភ័យសន្តិសុខជាតិ។
ការរឹតត្បិតនេះ ក៏ពាក់ព័ន្ធនឹងបច្ចេកវិទ្យារបស់រុស្ស៊ីផងដែរ បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីជិតផុតអាណត្តិ លោក Joe Biden បានបញ្ចប់កិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនការរឹតបន្តឹងលើប្រទេសចិន។ បច្ចុប្បន្ន ក្រុមហ៊ុនផលិតឡានអគ្គិសនីចិន BYD មានរោងចក្រមួយនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលផលិតឡានក្រុង និងឡានផ្សេងទៀត។
នៅក្រោមច្បាប់ថ្មីនេះ កំណត់ថា បច្ចេកវិទ្យា រួមទាំងប្រព័ន្ធ software, hardware ដែលផលិត ឬផ្គត់ផ្គង់ពីក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយប្រទេសចិន និងរុស្សី រួមមានប្រព័ន្ធតភ្ជាប់ VCS ដែលអនុវត្តចាប់ពីម៉ូដែលឆ្នាំ ២០២៧ និងប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ ADS អនុវត្តចាប់ពីម៉ូដែលឆ្នាំ ២០៣០ នឹងត្រូវបានហាមឃាត់មិនឲ្យនាំចូល ឬប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo បានគូសបញ្ជាក់យ៉ាងដូច្នេះថា ឡានសព្វថ្ងៃនេះ មិនមែនគ្រាន់តែជាដែកនៅលើកង់នោះទេ វាគឺជាកុំព្យូទ័រ… ឡានទំនើបមានកាមេរ៉ា និងបច្ចេកវិទ្យាផ្សេងទៀតដែលភ្ជាប់អ៊ីនធឺណិត។ លោកស្រី Raimondo បានសង្កត់ធ្ងន់ថា វិធានការនេះគឺជាវិធីសាស្រ្តមួយ មានគោលដៅធានាថា យើងមិនដាក់បច្ចេកវិទ្យាដែលផលិតដោយចិន និងរុស្ស៊ីនៅលើផ្លូវរបស់សហរដ្ឋអាមេរិកឡើយ៕
Leave a Reply