ប៉ូឡូញ៖ នៅអំឡុងប្រតិបត្តិការត្រួតពិនិត្យប្រព័ន្ធខ្សែកាបក្រោមទឹកនៅតំបន់សមុទ្របាល់ទិក កាលពីថ្ងៃអង្គារម្សិលមិញ អាជ្ញាធរឆ្មាំព្រំដែនរបស់ប្រទេសប៉ូឡូញ បានរកឃើញសារធាតុញៀនប្រភេទកូកាអ៊ីនសរុបជាង ១០០គីឡូក្រាម ដែលត្រូវគេលាក់ទុកនៅក្រោមបាតសមុទ្រ។
ជុំវិញរឿងនេះ អាជ្ញាធរប៉ូឡូញ បានចាប់ខ្លួនមនុស្សសរុបចំនួន ៧នាក់ ដែលសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងកញ្ចប់គ្រឿងញៀន ខណៈអាជ្ញាធរបានអះអាងថា បរិមាណគ្រឿងញៀននេះ អាចលក់បានតម្លៃសរុបជាង ១៥លានដុល្លារអាម៉េរិក នៅលើទីផ្សារងងឹត។
បើប្រភពអាជ្ញាធរ បានបញ្ជាក់ថា ខ្លួនបានរកឃើញថ្នាំញៀនទាំងនេះ នៅក្រោមបាតសមុទ្រក្នុងតំបន់ឈូងសមុទ្រ ហ្គាដាន (Gdansk) ភាគខាងជើងប្រទេសនេះ ហើយក្រោយមក សមត្ថកិច្ចក៏បានកំណត់ទីតាំងនិងអត្តអញ្ញាណរបស់អ្នកជាប់ពាក់ព័ន្ធ និងបានឃាត់ខ្លួនអ្នកទាំងនោះដើម្បីសាកសួរ ដែលនាំឱ្យមានការរកឃើញនូវបរិមាណថ្នាំញៀនមួយចំនួនបន្ថែមទៀត។
ចំពោះករណីនេះ អ្នកដែលជាប់ពាក់ព័ន្ធអាចប្រឈមនឹងទោសជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ ប្រសិនបើរកឃើញថាពិតជាមានទោស។
គួរជម្រាបថា នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បណ្តាប្រទេសនៅតំបន់សមុទ្របាល់ទិក បានបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះសកម្មភាពទុច្ចរិតរបស់នាវាដឹកទំនិញមួយចំនួន ដែលមានទំនាក់ទំនងសម្ងាត់ជាមួយរុស្ស៊ី ក្រោយពីមានហេតុការណ៍ដាច់ប្រព័ន្ធខ្សែកាបក្រោមសមុទ្រជារឿយៗ ដែលប៉ះពាល់ដល់ដំណើរការផ្តត់ផ្គង់អគ្គិសនី និងអ៊ីនធើណេតនៅតាមបណ្តាប្រទេសមួយចំនួន ដូចជា អេស្តូនី ឡាតវីយ៉ា និងលីទុយអានី៕
Leave a Reply