អាមេរិក៖ ថ្មីៗនេះគណៈកម្មការមូលបត្រអាមេរិក (SEC) បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងកំពូលមហាសេដ្ឋីលោក Elon Musk ដោយចោទប្រកាន់ថា លោកមិនបានបង្ហាញពីភាពជាម្ចាស់ភាគហ៊ុនរបស់ Twitter ទាន់ពេលវេលា មុនពេលលោកទទួលបានវេទិកានេះនៅឆ្នាំ២០២២។ SEC អះអាងថា ការពន្យារពេលរបស់ Musk បានអនុញ្ញាតឱ្យលោកទិញភាគហ៊ុនក្នុង «តម្លៃទាបសិប្បនិម្មិត្ត» ដែលបណ្តាលឱ្យមានការបង់ប្រាក់តិចជាង ១៥០លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយ CNBC។
លោក Elon Musk បានទិញយក Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារនៅចុងឆ្នាំ២០២២ ហើយបានប្តូរឈ្មោះទៅជា X នៅឆ្នាំបន្ទាប់។ យ៉ាងណាទាក់ទិននឹងការទិញយកនេះ ត្រូវបានប្រភពឱ្យដឹងថា មុនពេលទិញយក Musk បានបង្កើតមុខតំណែង និងបានកាន់កាប់ភាគហ៊ុនក្នុងដៃចំនួន ៥%រួចទៅហើយនៅក្នុងខែមីនា។ បើយោងតាមបទប្បញ្ញត្តិរបស់ SEC, Musk ត្រូវបានតម្រូវឱ្យបញ្ចេញកម្មសិទ្ធិនេះត្រឹមថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ប៉ុន្តែលោកបានពន្យារពេលការប្រកាសរហូតដល់ ១១ថ្ងៃបន្ទាប់ពីថ្ងៃផុតកំណត់ឯណោះ។
ទន្ទឹមនឹងនេះ ពាក្យបណ្តឹងរបស់ SEC បានអះអាងថា ការពន្យាពេលលនេះ បានបំភាន់អ្នកវិនិយោគដែលបានលក់ភាគហ៊ុនរបស់ពួកគេក្នុងអំឡុងពេលនោះក្នុងតម្លៃទាប និងបានបណ្តាលឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពួកគេយ៉ាងខ្លាំង៕
Leave a Reply