Advertisement

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ

នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ នៅតំបន់ជើងឯក រាជធានីភ្នំពេញ តំបន់ប្រឡាយអូរខ្សាច់ ខេត្តកំពង់ស្ពឺ និងតំបន់ព្រែកពាមសត្ថា ខេត្តកណ្តាល។

សូមជម្រាបថា តបតាមការចង្អុលបង្ហាញ និងមានយុទ្ធសាស្រ្តជាក់លាក់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយមក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានរៀបចំផែនការអភិវឌ្ឍន៍ធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធរំដោះទឹកជំនន់ទឹកភ្លៀង និងពង្វាងទឹក ដើម្បីធានានូវសន្តិសុខទឹក ប្រកបដោយស័ក្តិសិទ្ធិភាព និងនិរន្តរភាព ដោយបាននិងកំពុងអនុវត្តយ៉ាងសកម្មនូវគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់ជុំវិញ តាមរយៈការស្តារស្ទឹង និងប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបចំនួន ៣៦៦កន្លែង ក្នុងនោះមានការសាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែង និងសំណង់ស្ទាក់ទឹក(ទ្វារទឹក) ចំនួន ១កន្លែង។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារបច្ចេកទេសបានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារនៅតាមទីតាំងការដ្ឋានមួយចំនួនដូចជា៖ ១)ការដា្ឋនប្រព័ន្ធប្រឡាយជើងឯកបីខ្សែប្រវែងប្រមាណ ២៧,៥គីឡូម៉ែត្រ ស្ថានីយបូមទឹកអន្លង់គង និងស្ថានីយសាក់សំពៅ ក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី២)ការដ្ឋានស្តារប្រឡាយអូរខ្សាច់ដែលភ្ជាប់ពីរលាំងជ្រៃខាងជើងមកដល់បឹងតាមោកប្រវែងប្រមាណ ២៧,៧គីឡូម៉ែត្រ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និង ទី៣)ការដ្ឋានស្តារព្រែកពាមសត្ថាប្រវែងប្រមាណ ១៨,៧ គីឡូម៉ែត្រ ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល។ គិតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណជាង ៩០%។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន ព្រមទាំងបានណែនាំដល់ក្រុមការងារបច្ចេកទេសសាងសង់ឱ្យបន្តយកចិត្តទុកដាក់លើគុណភាព ស្របតាមបទដ្ឋានបច្ចេកទេស និងជំរុញការអនុវត្តឱ្យសម្រេចតាមផែនការដែលបានគ្រោងទុក៕

Leave a Reply

Your email address will not be published. Required fields are marked *