មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល បានឱ្យដឹងថា កម្ពុជា បានប្តេជ្ញាបង្កើនពិពិធកម្មសេដ្ឋកិច្ច ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដើម្បីទាក់ទាញកំណើនវិនិយោគ សំដៅជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
នេះបើយោងតាមប្រសាសន៍របស់ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) ថ្លែងក្នុងសិក្ខាសាលាជាន់ខ្ពស់ស្តីពី “មាគ៌ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៖ បទពិសោធន៍អន្តរជាតិ” កាលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។
សិក្ខាសាលានេះ រៀបចំឡើងក្រោមកិច្ចសហការរវាងទីស្តីការគណៈរដ្ឋមន្ត្រី ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមជំនួយរបស់ប្រទេសអូស្ត្រាលី (Australian AID) តាមរយៈកម្មវិធីភាពជាដៃគូរវាង កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED) ក្នុងគោលបំណងដើម្បីគាំទ្រដល់ការរៀបចំ និងការអនុវត្តគោលនយោបាយនានា ពាក់ព័ន្ធនឹងការបង្កើនពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជា។
សិក្ខាសាលា ក៏បានផ្តល់ឱកាសឱ្យមានការជជែកពិភាក្សាក្នុងក្របខណ្ឌគោលនយោបាយ ព្រមទាំងមានការចែករំលែកនូវបទពិសោធន៍ ពីសំណាក់ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានតួនាទីសំខាន់ក្នុងការតាក់តែងគោលនយោបាយ ពិសេសគឺបទឧទ្ទេសនាមពីលោកសាស្ត្រាចារ្យ Ricardo Hausmann ដែលជាអ្នកជំនាញអន្តរជាតិឈានមុខគេលើការងារពិពិធកម្មសេដ្ឋកិច្ចផងដែរ។
នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា ការបង្កើនពិពិធកម្មសេដ្ឋកិច្ច គឺជារឿងដែលចាំបាច់ដើម្បីសម្រេចនូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយបានរំលេចជាពិសេសអំពី៖ គោលនយោបាយលើកកម្ពស់ការវិនិយោគដោយផ្ទាល់ពីបរទេសរបស់កម្ពុជា ដែលបានវិវត្តគួរឱ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ១៩៩៤ រហូតមកដល់បច្ចុប្បន្ន។
សូមជម្រាបថា តាមរយៈសិក្សាសាលានេះ ស្ថាប័នពាក់ព័ន្ធ ក៏បានជំរុញអ្នកធុរកិច្ចអន្តរជាតិ មកពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជាឱ្យបានច្រើន ដោយសារកម្ពុជាមានសក្តានុពលវិជ្ជមាននានា ដូចជា៖ កម្លាំងពលកម្មវ័យក្មេង, ការគាំទ្រដល់វិស័យធុរកិច្ចឯកជន តាមរយៈវេទិការដ្ឋ និងវិស័យឯកជន, បែបបទនៃការវិនិយោគដែលមានភាពបត់បែន និងអនុគ្រោះ និងការធ្វើឌីជីថលូបនីយកម្ម នៅក្នុងការផ្តល់សេវាសាធារណៈ ជាក់ស្តែងគឹការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដែលសម្រួលដល់វិនិយោគិនក្នុងការដាក់ពាក្យស្នើសុំវិនិយោគបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈប្រព័ន្ធអ៊ីនធឺណេតជាដើម៕
Leave a Reply