បាងកក៖ តុលាការមួយនៅក្នុងប្រទេសថៃ កាលពីថ្ងៃសុក្រ ទី៣១ ខែមករា បានផ្ដល់ការអនុញ្ញាតឱ្យអតីតនាយករដ្ឋមន្ត្រីលោក Thaksin Shinawatra អាចធ្វើដំណើរទៅក្រៅប្រទេស ។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Thaksin មានអាយុ ៧៥ឆ្នាំ ធ្លាប់ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ៨ឆ្នាំពីបទពុករលួយ និងរំលោភអំណាច បន្ទាប់ពីលោកត្រឡប់ចូលប្រទេសថៃវិញកាលពីជាង២ឆ្នាំមុន ក្រោយរស់នៅនិរទេសខ្លួននៅក្រៅប្រទេស ហើយរូបលោកត្រូវបានព្រះមហាក្សត្រលើកលែងទោស ៦ខែក្រោយការធ្វើមាតុភូមិនិវត្ត នេះជាករណីលើកលែង ដ៏កម្របំផុត សម្រាប់ជនជាប់ចោទម្នាក់ដែលកំពុងប្រឈមមុខនឹងបទចោទប្រមាថព្រះមហាក្សត្រ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃសុក្រ តុលាការមួយបានសម្រេចអនុញ្ញាតឱ្យលោក Thaksin អាចធ្វើដំណើរទៅក្រៅប្រទេស ដោយសំអាងទៅលើផលចំណេញនៃទំនាក់ទំនងអន្តរជាតិ ជាហេតុផលសម្រាប់ការធ្វើដំណើរទៅ ក្រៅប្រទេស ទោះបីជាមិនមានការបញ្ជាក់លម្អិតពីវត្ថុបំណងនៃដំណើរទស្សនកិច្ចក៏ដោយ។
គួរបញ្ជាក់ថា នៅក្រោមការអនុញ្ញាតពីតុលាការ លោក Thaksin ត្រូវតែរាយការណ៍ជូនអាជ្ញាធរថៃក្នុងរយៈពេល៣ថ្ងៃ ពីការត្រឡប់ចូលប្រទេសវិញ។ កាលពីខែធ្នូ ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានតែងតាំងលោក Thaksin ជាទីប្រឹក្សាផ្ទាល់ខ្លួនរបស់លោកស្ដីពីអាស៊ាន៕
Leave a Reply