Advertisement

ទីភ្នាក់ងារប្រឆាំងការទុកចិត្តឥណ្ឌូនេស៊ី ពិន័យក្រុមហ៊ុនGoogle ជាង ១២លានដុល្លារ សម្រាប់ការគិតថ្លៃសេវារហូតដល់ ៣០% នៅលើ Play Store

(បរទេស)៖ ទីភ្នាក់ងារប្រឆាំងការទុកចិត្តរបស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃអង្គារសប្តាហ៍នេះ បានបញ្ជាឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បង់ប្រាក់ពិន័យប្រហែល ២០២ពាន់លានរូពី (ប្រហែល ១២.៤លានដុល្លារ) សម្រាប់ការអនុវត្តអាជីវកម្មមិនយុត្តិធម៌ទាក់ទងនឹងសេវាកម្មប្រព័ន្ធទូទាត់ Google Play Store ដែលជាវេទិកាចែកចាយកម្មវិធីរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។

សេចក្តីសម្រេចនេះ ធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតលើ Google ក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២២ ដោយសង្ស័យថាក្រុមហ៊ុនយក្សនេះ បានបំពានលើទីតាំងលេចធ្លោរបស់ខ្លួន ដោយតម្រូវឱ្យអ្នកបង្កើតកម្មវិធីឥណ្ឌូនេស៊ីប្រើ Google Play Billing ក្នុងអត្រាខ្ពស់ជាងប្រព័ន្ធទូទាត់ផ្សេងទៀតសម្រាប់ប្រតិបត្តិការ។

ទីភ្នាក់ងារប្រឆាំងការទុកចិត្តរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយនៅក្នុងសវនាការថា Google បានបំពានច្បាប់របស់ប្រទេសឥណ្ឌូនេស៊ីប្រឆាំងនឹងការផ្តាច់មុខ ហើយបានរកឃើញថា Google បានគិតថ្លៃរហូតដល់ ៣០% តាមរយៈ Google Play Billing ដែលជាសេវាថ្លៃបំផុត។ ទីភ្នាក់ងារនេះ បានបន្ថែមទៀតថា Google បានគ្រប់គ្រងចំណែកទីផ្សារប្រមាណ ៩៣% នៅក្នុងប្រទេសឥណ្ឌូនេស៊ីន ដែលមានប្រជាជនចំនួន ២៨០នាក់ និងជាសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើនយ៉ាងខ្លាំង។

គួរជម្រាបថា Google ក៏ធ្លាប់ត្រូវបានផាកពិន័យប្រាក់ចំនួន ៨.៣ពាន់លានដុល្លារនៅសហអឺរ៉ុប ជុំវិញករណីដូចគ្នានេះផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *