Advertisement

មន្រ្តីជាន់ខ្ពស់កសិកម្ម៖ តម្លៃគ្រាប់ស្វាយចន្ទីនៅដើមរដូវឆ្នាំនេះខ្ពស់ ចន្លោះពី៦០០០ ទៅ៦ ៦០០រៀល ក្នុងមួយគីឡូក្រាម

លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ស្ថានភាពទីផ្សារ និងតម្លៃគ្រាប់ស្វាយចន្ទីនៅដើមរដូវឆ្នាំនេះ មានតម្លៃខ្ពស់ដូចឆ្នាំ២០២០ ដែលមានតម្លៃចន្លោះពី៦០០០ ទៅ៦ ៦០០រៀល ក្នុងមួយគីឡូក្រាម។
លោកបានលើកឡើងបែបនេះ ក្នុងពេលដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផល ជាពិសេសដំណាំឧស្សាហកម្ម ដំណាំស្វាយចន្ទី ទីតាំងឃ្លាំង ស្ថានភាពទីផ្សារ និងតម្លៃ នៅក្នុងខេត្តចំនួន៤ រួមមាន កំពង់ចាម ព្រះវិហារ ស្ទឹងត្រែង និងខេត្តរតនគិរី ចាប់ពីថ្ងៃទី១៦-២០ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក តូច ប៊ុនហួរ បានឱ្យដឹងថា តាមការវាយតម្លៃបឋម ការប្រមូលផលស្វាយចន្ទីនៅក្នុងអំឡុងខែកុម្ភៈនេះ មានចំនួនតិចជាងឆ្នាំកន្លងមក ដោយសារមកពីអាកាសធាតុត្រជាក់អូសបន្លាយពេលយូរ។លោកបន្តថា តាមការវាយតម្លៃគ្រាប់ស្វាយចន្ទីឆ្នាំនេះមានគុណភាពល្អ គ្រាប់ធំ សាច់ណែនល្អ ទិន្នផលស្វាយចន្ទីឆ្នាំនេះអាចកើនឡើងខ្ពស់ជាងឆ្នាំ២០២៤។

លោកបានបន្តទៀតថា ស្ថានភាពទីផ្សារ និងតម្លៃនៅដើមរដូវឆ្នាំនេះ គ្រាប់ស្វាយចន្ទីមានតម្លៃខ្ពស់ដូចឆ្នាំ២០២០ ពោលមានតម្លៃចន្លោះពី៦០០០ ទៅ៦៦០០រៀល នៅក្នុងមួយគីឡូក្រាម។
ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា មានចម្ការមួយចំនួនបានប្រើប្រាស់ថ្នាំជំរុញឱ្យឆាប់ចេញផ្កាច្រើនដងពេក ធ្វើឱ្យប៉ះពាល់ដល់ការរីកលូតលាស់របស់ផ្កា ក្រៀមជ្រុះខុសពីធម្មតា។ កត្តាទាំងនេះ បណ្តាលមកពីពួកគាត់បារម្ភខ្លាចស្វាយចន្ទី មិនចេញផ្កា ឬចេញតិចតួចពេក ប្រឈមនឹងការខាតបង់ប្រាក់ចំណេញរបស់ពួកគាត់។

ពាក់ព័ន្ធនឹងតម្លៃគ្រាប់ស្វាយចន្ទីនេះ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ក៏បានគូសបញ្ជាក់ឱ្យដឹងផងដែរថា តម្លៃស្វាយចន្ទីនៅដើមរដូវឆ្នាំនេះគឺមានតម្លៃខ្ពស់ ស្ថេរភាពនៅឆ្នាំ២០២៥នេះ​ មានតម្លៃ៦ ៤០០រៀល ក្នុងមួយគីឡូក្រាម ខណៈឆ្នាំ២០២៣កន្លងទៅបានតែ៥ ៤០០រៀល ប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។

បើតាមលោក អួន ស៊ីឡុត កត្តាដែលធ្វើឱ្យតម្លៃស្វាយចន្ទីថ្លៃល្អ និងមានស្ថេរភាពល្អ ដោយសារទី១, សមាគមស្វាយចន្ទីបានរៀបចំជំនួបធុរកិច្ចចំនួន៣លើក ដើម្បីឱ្យអ្នកលក់-អ្នកទិញជួបគ្នា កាត់បន្ថយការចរាចរគ្រាប់ស្វាយចន្ទីចេញទៅខាងក្រៅ ទី២, ការអូសបន្លាយនៃអាកាសធាតុត្រជាក់ធ្វើឱ្យគាំងក្តិប ការប្រមូលផលនៅតិចនៅឡើយ ធ្វើឱ្យតម្លៃល្អជាងរាល់ឆ្នាំ។

សូមជម្រាបជូនថា ឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបាន ៨៥ម៉ឺនតោន កើនឡើង ២៦,៨ភាគរយ ក្នុងនោះកម្ពុជាបានចេញគ្រាប់ឆៅជាង ៨១ ម៉ឺនតោន កើនឡើង២១% និងទទួលបានចំណូល ១ ១៥០លានដុល្លារ កើនឡើង២៦.១៥%៕

Leave a Reply

Your email address will not be published. Required fields are marked *