Advertisement

កម្ពុជា នាំចេញថ្មក្រានីតទៅកាន់ទីផ្សារអន្តរជាតិ ចន្លោះ២ ទៅ ៣ម៉ឺនកុងតឺន័រក្នុងមួយឆ្នាំ ចំណូលចូលជាតិប្រមាណ៩០លានដុល្លារ

ភ្នំពេញ៖ បច្ចុប្បន្ននេះ ក្រុមហ៊ុនជាច្រើនមានសមត្ថភាពនាំចេញថ្មក្រានីតទៅកាន់ទីផ្សារអន្តរជាតិមានចន្លោះចាប់បីពី ២០ ០០០ ទៅ ៣០ ០០០ កុងតឺន័រក្នុងមួយឆ្នាំ ។មកដល់ឆ្នាំ២០២៤ បរិមាណផលិតកម្មថ្មអារសន្លឹកនាំចេញមានចំនួន ៣ ៤៩២ ១៨៩ម៉ែត្រការ៉េ ដែលចំនួននេះមានកំណើនគួរឱ្យកត់សម្គាល់ និងបរិមាណផលិតកម្មថ្មអារប្លុកនាំចេញផលិតបាន ២២២ ១៥១ ម៉ែត្រគូប។ ថ្មអារនាំចេញទៅប្រទេសចិន ប្រទេសវៀតណាម ប្រទេសអ៊ីតាលី កាណាដា និងបណ្តាប្រទេសមួយចំនួនទៀតនៅលើពិភពលោក។នេះបើតាមការឱ្យដឹងរបស់លោកស្រី ឡេង ដាវី អនុប្រធានសមាគមន៍ថ្មអារកម្ពុជា។ទំនិញប្រភេទ ដីនិងថ្ម ម្នាងសិលា កំបោរ និងស៊ីម៉ង់ត៍ ដែលនាំចូលក្នុងទីផ្សារកម្ពុជា មានទំហំទឹកប្រាក់កើនឡើងដល់ ២០៩ ២១៥ ០០០ដុល្លារអាម៉េរិក ត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុញ្ញាតលើគំរោងសាងសង់ទូទាំងប្រទេសចំនួន ៣២០៧គម្រោង មានទុនវិនិយោគប្រមាណ ២ ៩៧២ ២៦០ ៩២៨ ដុល្លារអាម៉េរិក កើនឡើង ៨៤.៤១%។ នៅត្រង់ចំណុចនេះបានឆ្លុះបញ្ចាំងអំពីតម្រូវការថ្មអារធម្មជាតិ និងសម្ភារៈសំណង់នាំចូលនានា នឹងនៅតែមានសក្កានុពលសម្រាប់ធ្វើអាជីវកម្មនៅក្នុងទីផ្សារកម្ពុជា។

អ្នកស្រីបន្តថា បច្ចុប្បន្ន នៅក្នុងខេត្តក្រចេះទាំងមូល មានរោងចក្រកែច្នៃថ្មអារសរុបចំនួនជាង៣០រោងចក្រ ដោយក្នុងមួយរោងចក្រអាចមានសមត្ថកិច្ចកែច្នៃថ្មអារចន្លោះពី ២ម៉ឺនម៉ែត្រការ៉េ ទៅ ៥ម៉ឺនម៉ែត្រការ៉េក្នុងមួយខែ។នកស្រី បានបន្ថែមថា ក្នុងឆ្នាំ ២០២៤កន្លងទៅនេះ អាជីវកម្មរ៉ែថ្មអារ ក្នុងប្រទេសកកម្ពុជា បានរកចំណូលជូនរដ្ឋបានប្រមាណ៩០លានដុល្លារអាមេរិក ហើយរំពឹងថាអាជីវកម្មនេះ នឹងអាចរកចំណូលកើនឡើង១០ដងបន្ថែមទៀតនៅពេលដែលមានការវិនិយោគកែច្នៃ និងនាំចេញនាពេលឆាប់ៗនេះ។ ដូច្នេះ វាអាចរកចំណូលបានរហូតដល់ជិត១ពាន់លានដុល្លារអាមេរិក ជាពិសេសនៅពេលមានការវិនិយោគថ្មីៗពីវិនិយោគិនក្នុង និងក្រៅប្រទេស អ្វីដែលពិសេសនោះ រាជរដ្ឋាភិបាលក៏បានលើកទឹកចិត្តដល់អ្នកធ្វើអាជីវកម្មរ៉ែថ្មអារផងដែរ ដោយបានកំណត់ប្រភេទផលិតផលសម្រេច និងមិនជាប់ពន្ធ ។

ថ្មីៗកន្លងមកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា ជាប្រទេសដែលសំបូរដោយធនធានរ៉ែជាមួយនឹងសេដ្ឋកិច្ចបើកចំហ ហើយការនាំចេញក្នុងវិស័យថ្មអាររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនាបច្ចុប្បន្នមានកំណើនរហូតដល់ ៤ដង ដែលនេះលទ្ធផលជាទីមោទនៈ ដោយរាជរដ្ឋាភិបាលមានចក្ខុវិស័យក្នុងការប្រែក្លាយវិស័យមួយនេះឱ្យមានភាពរីកចម្រើនខ្លាំង៕

Leave a Reply

Your email address will not be published. Required fields are marked *