ភ្នំពេញ៖ រដ្ឋមន្ត្រីព័ត៌មាន និងជាប្រធានក្រុមការងារការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងឯកឧត្តម នេត្រ ភក្រ្តា បានព្រមានរុះរើផ្ទាំងផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងដែលពុំមានការអនុញ្ញាតចោល ហើយម្ចាស់នៃផលិតផលផ្សាយទាំងនោះជាអ្នកចេញថ្លៃរុះរើនោះថែមទៀត។
ក្នុងលិខិតផ្ញើទៅកាន់ម្ចាស់ក្រុមហ៊ុនផលិត នាំចូល ចែកចាយ និងភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងអស់ចុះថ្ងៃទី១៤ ខែកុម្ភៈ ឯកឧត្តម នេត្រ ភក្ត្រា ទុកពេល១ខែដល់ក្រុមហ៊ុនទាំងនោះក្នុងការបំពេញបែបបទស្នើសុំផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមអាហ្វីស ប៉ាណូ និងប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីមើលឃើញការផ្សាយពាណិជ្ជកម្មកន្លងទៅធ្វើឡើងដោយគ្មានការអនុញ្ញាត ធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម សុខភាពសាធារណៈ និងការប្រកួតប្រជែងមិនសុចរិត។
ក្នុងលិខិតនោះបានណែនាំដល់ម្ចាស់ផលិតផល និងផ្សព្វផ្សាយគ្រឿងស្រវឹងទាំងនោះទៅដាក់ពាក្យស្នើសុំដោយឥតគិតថ្លៃនៅក្រសួងព័ត៌មានយ៉ាងយូរត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។
ផុតការកំណត់នេះក្រុមការងារការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចចុះរុះរើផ្ទាំងផ្សាយពាណិជ្ជកម្មណាដែលល្មើសច្បាប់ ហើយតម្រូវឱ្យម្ចាស់ក្រុមហ៊ុន ឬភ្នាក់ងារផ្សាយ និងអ្នកពាក់ព័ន្ធចេញថ្លៃសំណងរុះរើ ព្រមទាំងចាប់វិធានការនីតិវិធីច្បាប់បន្ថែមទៀតដែរ។
កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ កម្ពុជាបានដាក់អនុវត្តន៍ផ្សព្វផ្សាយ «គោលការណ៍ឆន្ទៈល្អ» ដែលមាន១៧ចំណុចដើម្បីចូលរួមកាត់បន្ថយការផ្សព្វផ្សាយគ្រឿងស្រវឹង ជំនួសវិញនូវការប្រើសារអប់រំណែនាំជំនួសវិញ។ តាមគោលការណ៍នេះការផ្សាយពាណិជ្ជកម្មស្រាបៀរតម្រូវឱ្យផ្សាយត្រឹម៥០%នៃផ្ទាំងប៉ាណូទាំងអស់ដែលមានក្នុងខេត្តរាជធានីប៉ុណ្ណោះ និងមិនត្រូវផ្សព្វផ្សាយនៅជិតគ្រឹះស្ថានសុខាភិបាល សិក្សា សាសនា រមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ និងអាកាសយានដ្ឋានអន្តរជាតិ៕
Leave a Reply