Advertisement

ឧបទ្ទវហេតុរត់ជាន់គ្នាស្លាប់១៥នាក់អំឡុងពេលឡើងជិះរថភ្លើង ទៅចូលរួមបុណ្យសាសនានៅប្រទេសឥណ្ឌា

ឥណ្ឌា៖ ការប្រជៀតគ្នាឡើងជិះរថភ្លើង នៅស្ថានីយរថភ្លើង New Delhi ប្រទេសឥណ្ឌា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៥នាក់ស្លាប់ និង១០នាក់ផ្សេងទៀតរងរបួស នៅថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២៥។ ហ្វូងមនុស្សដ៏ធំមិនអាចគ្រប់គ្រងបាន បានមកប្រមូលផ្តុំគ្នានៅស្ថានីយរថភ្លើង ដើម្បីធ្វើដំណើរទៅកាន់កន្លែងជួបជុំសាសនាហិណ្ឌូ Kumbh Mela ដ៏ធំបំផុតរបស់ពិភពលោក។

ឧបទ្ទវហេតុនេះ បានកើតឡើងប៉ុន្មានសប្តាហ៍ បន្ទាប់ពីមនុស្សរាប់សិបនាក់បានស្លាប់ នៅក្នុងការជាន់គ្នានៅឯពិធីបុណ្យ Kumbh Melaនេះដែរ ស្ថិតនៅភាគខាងជើងប្រទេសឥណ្ឌា ជាកន្លែងដែលអ្នកកាន់សាសនាហិណ្ឌូរាប់សិបលាននាក់ បានប្រមូលផ្តុំគ្នា ដើម្បីជ្រមុជទឹកនៅក្នុងទឹកទន្លេដ៏ពិសិដ្ឋ នៅថ្ងៃបរិសុទ្ធមួយ នៃពិធីបុណ្យដែលមានរយៈពេល៦សប្តាហ៍។
ពិធីបុណ្យ Kumbh Mela ជាព្រឹត្តិការណ៍ដ៏ធំបំផុតតែមួយគត់ របស់សាសនាហិណ្ឌូ ហើយក្រុមមន្ត្រីបាននិយាយថា អ្នកកាន់សាសនាប្រហែល ៥០០លាននាក់ បានចូលរួមពិធីបុណ្យនេះរួចហើយ ចាប់តាំងពីបានចាប់ផ្តើមកាលពីខែមុន។

សូមជម្រាបដែរថា កន្លងមកមានមនុស្សជាង៤០០នាក់បានស្លាប់ បន្ទាប់ពីពួកគេត្រូវបានជាន់ឈ្លី ឬលង់ទឹកក្នុងថ្ងៃតែមួយ នៃពិធីបុណ្យក្នុងឆ្នាំ១៩៥៤ ដែលជាចំនួនអ្នកស្លាប់ច្រើនបំផុត នៅក្នុងគ្រោះមហន្តរាយទាក់ទងនឹងហ្វូងមនុស្សទូទាំងពិភពលោក៕

Leave a Reply

Your email address will not be published. Required fields are marked *