អាមេរិក៖ ដុំភ្លើងឆេះព្រៃដំណាលគ្នាចំនួន៦ នៅក្រុង Los Angeles រដ្ឋCalifornia របស់អាមេរិក បានចាប់ផ្តើមតាំងពីថ្ងៃអង្គារមក ដោយបានសម្លាប់មនុស្សកើនឡើងដល់២៤នាក់ គិតត្រឹមថ្ងៃអាទិត្យ។ នៅក្នុងនោះ អ្នកស្លាប់ចំនួន១៦នាក់ ត្រូវបានរកឃើញនៅតំបន់ភ្លើងឆេះនៅEaton និង៨នាក់ទៀតរកឃើញនៅក្នុងតំបន់ Palisades។
អណ្តាតភ្លើងវិលគួច ភ្លើងឆេះសន្ធោសន្ធៅលេបត្របាក់អគារ ផ្ទះសម្បែង ដែលក្រុមពន្លត់ភ្លើងប្រឹងបាញ់ទឹកពន្លត់ទាំងគ្មានក្តីសង្ឃឹម។ រូបភាពទាំងនេះត្រូវបានលោកប្រធានាធីបតីអាមេរិក ចូ បៃដិនប្រៀបធៀបទៅនឹងសមរភូមិសង្រ្គាមមួយ ដែលសត្រូវកំណាចបំផុតនៅពេលនេះ គឺ ព្យុះភ្លើង។
ចាប់តាំងពីអង្គារទី ៧មករា Los Angeles ទីក្រុងធំជាងគេទី២របស់សហរដ្ឋអាមេរិកជួបគ្រោះធម្មជាតិដ៏កម្រនោះគឺខ្យល់ព្យុះភ្លើង ដែលបង្កគ្រោះមហន្តរាយធ្ងន់ធ្ងរជាងភ្លើងឆេះព្រៃធម្មតា។ ផ្ទុយពីភ្លើងឆេះព្រៃនៅរដូវក្តៅ ភ្លើងឆេះព្រៃនៅរដូវត្រជាក់នៅភាគខាងត្បូងរដ្ឋកាលីហ្វ័នីញ៉ាកាន់តែមានឥទ្ធិពល រាលដាលឆេះលឿន ដោយសារខ្យល់បក់លឿនខ្លាំងឈ្មោះ Santa Anaដែលជាខ្យល់ស្ងួត ក្តៅបក់ចុះពីភ្នំសំដៅទៅសមុទ្រ ពីខែតុលា រហូតដល់ខែមករា។
អ្នកជំនាញឧតុនិយមពន្យល់ថា កន្លងមកខ្យល់Santa Anaមិនបង្កបញ្ហាជាភ្លើងឆេះព្រៃ ដោយសារមានភ្លៀងធ្លាក់គួរសម មិនស្ងួតពេក។ ប៉ុន្តែ នៅ៨ខែមកនេះ ទីក្រុង Los Angelesគ្មានទឹកភ្លៀងសោះ រហូតធ្វើឲ្យទីក្រុង ដើមឈើលើភ្នំស្ងួតហួតហែងខ្លាំង ដែលអំណោយផលណាស់ដល់ភ្លើងឆេះព្រៃ។ បូកផ្សំនឹងខ្យល់បក់ក្នុងល្បឿន ពី៩០ទៅ ១៦៥គីឡូម៉ែត្រក្នុងមួយម៉ោង ភ្លើងឆេះព្រៃបានប្រែក្លាយជាព្យុះភ្លើង ដែលលេបត្របាក់ ដុតបំផ្លាញក្នុងទំហំផ្ទៃដី ១៥០០០ហិចតា ក្នុងនោះមានអគារ ផ្ទះ ជាង ១២០០០ ក្នុងរយៈពេលតែ៥ថ្ងៃ។
យោងតាមក្រុមពន្លត់អគ្គិភ័យរបស់រដ្ឋកាលីហ្វ័នីញ៉ា ចំណុចភ្លើងឆេះ៤កន្លែងបានឆេះបំផ្លាញផ្ទៃដី ១៦០គីឡូម៉ែត្រការ៉េ ធំជាងទីក្រុងSan Franciscoនៅភាគខាងលិចអាមេរិកទៅទៀត៕
Leave a Reply