ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានបង្ហាញមុខជនសង្ស័យជាឃាតករដែលយកខ្សែរឹតកសម្លាប់កម្មការិនីកាត់ដេរជាគូដណ្ដឹង និងក្រុមក្មេងទំនើងលួចឆក់ប្លន់ចំនួនសរុបចំនួន២៨នាក់។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាពីឯកឧត្តមស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការណែនាំរបស់ឯកឧត្តមឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងមានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់បានសហការជាមួយនគរបាលនៃអធិការដ្ឋាននានាបានធ្វើការស្រាវជ្រាវបង្ក្រាបបានករណីឃាតកម្ម ក្រុមក្មេងទំនើងលួចឆក់ប្លន់ជាបន្តបន្ទាប់ដោយឃាត់ជនសង្ស័យបានចំនួន២៨នាក់ ដែលយកមកធ្វើសន្និសីទកាសែតបង្ហាញមុខជាសាធារណៈនៅថ្ងៃនេះ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានឲ្យដឹងទៀតថា ចាប់តាំងពីថ្ងៃទី១០ខែកុម្ភៈ រហូតថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ ២០២៥នេះ នគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ និងនគរបាលខណ្ឌកំបូល,នគរបាលខណ្ឌឬស្សីកែវ,ខណ្ឌពោធិ៍សែនជ័យ,ខណ្ឌច្បារអំពៅ,ខណ្ឌដូនពេញ និងខណ្ឌដង្កោបង្ក្រាបបានជនសង្ស័យជាបន្តបន្ទាប់ចំនួន៩ករណី ដោយឃាត់ខ្លួនបានចំនួន២៨នាក់។
ក្នុងនោះករណីឃាតកម្ម១ករណីឃាត់បាន១នាក់,ករណីវាយប្លន់ម៉ូតូ២ករណី ឃាត់ខ្លួន១៤នាក់ជាក្មេងទំនើង,ករណីលួច៤ករណីឃាត់ខ្លួន៥ នាក់,ករណីឆក់២ករណីឃាត់ខ្លួនបាន៤នាក់ និងកាន់កាប់អាវុធគ្មានការអនុញ្ញត១ករណីឃាត់ខ្លួនបានចំនួន៤ នាក់ជាក្មេងទំនើង។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏បានសំណូមពរដល់បងប្អូនសាធារណជននៅក្នុងបណ្ដាញសង្គម សូមកុំបង្ហោះព័ត៌មានណាពុំពិតដែលធ្វើឲ្យប៉ះពាល់ដល់សមត្ថកិច្ចដូចជានៅករណីនៅក្នុងខណ្ឌសែនសុខ ម្ចាស់បានយកម៉ូតូទៅលក់ហើយប្រាប់បងប្អូនថា ត្រូវចោរប្លន់ ហើយត្រូវបានគេបង្ហោះនៅក្នុងបណ្ដាញ។លោកក៏បានបញ្ជាក់ឲ្យដឹងទៀតថា កន្លងមកឲ្យតែមានបទល្មើសកើតឡើងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួនណារិន្ទអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញមិនទុកចោលនោះទេ ដោយដាក់បទបញ្ជាទៅកម្លាំងនគរបាលជំនាញដូចជានគរបាលនៅតាមមូលដ្ឋានចុះធ្វើការស្រាវជ្រាវហើយឈានទៅបង្ក្រាបបទល្មើសបានជាបន្តបន្ទាប់៕
Leave a Reply