អាមេរិក៖ តម្លៃមាសពិភពលោកមានតម្លៃលើសពី ២.៨២០ដុល្លារ ខណៈដែលសន្ទស្សន៍ភាគហ៊ុនរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ នៅពេលដែលសេតវិមានអាមេរិក បានបញ្ជាក់ពីការដាក់ពន្ធលើប្រទេសម៉ិកស៊ិក កាណាដា និងចិនចាប់ពីថ្ងៃទី១ ខែកុម្ភៈ។
យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា នៅចុងបញ្ចប់នៃវគ្គជួញដូរនៅថ្ងៃទី ៣១ ខែមករា តម្លៃមាសពិភពលោកបានកើនឡើងជិត ១ដុល្លារ គឺដល់ ២.៧៩៦ ដុល្លារក្នុងមួយអោន។ ក្នុងអំឡុងពេលវគ្គជួញដូរ តម្លៃនេះបានបង្កើតកំណត់ត្រាថ្មីមួយនៅ ២.៨២៣ ដុល្លារ។
វិនិយោគិនបានប្រញាប់ប្រញាល់ទិញទ្រព្យសម្បត្តិដែលមានសុវត្ថិភាពនៅពេលដែលលេខាធិការសារព័ត៌មានសេតវិមានលោកស្រី Karoline Leavitt បានបញ្ជាក់កាលពីថ្ងៃទី ៣១ ខែមករាថា ប្រធានាធិបតីអាមេរិក Donald Trump នឹងដាក់ពន្ធ ២៥ភាគរយ លើទំនិញពីម៉ិកស៊ិក និងកាណាដា និងពន្ធ ១០ភាគរយ លើទំនិញពីប្រទេសចិនចាប់ពីថ្ងៃទី១ ខែកុម្ភៈ។ ហេតុផលគឺថាប្រទេសទាំងនេះបានបរាជ័យក្នុងការទប់ស្កាត់ការរត់ពន្ធថ្នាំញៀនប្រភេទ fentanyl ចូលទៅក្នុងសហរដ្ឋអាមេរិក៕
Leave a Reply