Advertisement

អភិបាលខេត្តស្ទឹងត្រែង ចេញបទបញ្ជា តាមរកមុខជនកាប់ឈើទាល និងចាត់វិធានការច្បាប់ ដោយគ្មានលើកលែង

(ស្ទឹងត្រែង)៖ រឿងបទល្មើសព្រៃឈើដើមឆ្នាំ ២០២៥ នេះ មហាជនចាប់អារម្មណ៍យ៉ាងខ្លាំងនិងជឿជាក់យ៉ាងខ្លាំងក្នុងករណីការកាប់ឈើដើមឈើទាលមួយដើមដ៏ធំនេះ។ បច្ចុប្បន្ន ឯកឧត្តម សរ សុពុត្រា អភិបាលស្ទឹងត្រែង កំពុងតាមរកមុខក្រុមជនកាប់រំលំឈើទាលធំៗនៅដែនជម្រកសត្វព្រៃ-ព្រៃឡង់ ស្ថិតក្នុងភូមិសាស្រ្តភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ទន្ទឹមនឹងការតាមវែកមុខជនកាប់បំផ្លាញព្រៃឈើហើយនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានព្រមានចាត់វិធានការច្បាប់ចំពោះជនទាំងនោះផងដែរ។
ឯកឧត្តមអភិបាលខេត្តបានលើកឡើងដូច្នេះថា «អ្នកល្មើស និងបក្ខពួក នឹងទទួលខុសត្រូវចំពោះមុខច្បាប់ នៅពេលដែលការស្រាវជ្រាវវែកមុខឃើញ»។
សូមបញ្ជាក់ថា ជារឿងគួរឱ្យសោកស្តាយ ដើមឈើទាលមានទំហំធំៗ និងខ្ពស់សន្លឹមរាប់សិបដើម ត្រូវបានគេលួចកាត់រំលំ និងច្រៀកជាឈើធ្វើផ្ទះ។ ឈើធំៗ ដែលគេលួចកាត់រំលំនេះ ស្ថិតក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្រ្តភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
កាលពីថ្ងៃ ទី៣០ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីមានការផ្សាយព័ត៌មានពីការកាត់រំលំឈើនេះ លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្ត ដឹកនាំលោក ទូច វិចិត្រ នាយកដែនជម្រកសត្វព្រៃព្រៃឡង់ លោក នួន ពិសី នាយយករងដែន និងមន្ត្រីឧទ្យានុរក្ស សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកថាឡាបរិវ៉ាត់ ដឹកនាំដោយ លោក សន សារឿន អភិបាលនៃគណៈអភិបាលស្រុក និងកម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក អនុសេនីយ៍ឯក សេង សុភណ្ឌ័ ចុះត្រួតពិនិត្យទីតាំងការកាត់រំលំនេះ។
តាមការពិនិត្យជាក់ស្តែងរបស់ក្រុមការងារឃើញថា ឈើដែលបានកាត់អាជ្រៀកខាងលើនេះ អារជាគ្រឿងផ្ទះ ជាប្រភេទឈើទាល ចំនួនសរុប៥៦គល់។ ក្នុងនោះអារំលំថ្មីមានចំនួន៤៩គល់ និងអារចាស់មានចំនួន៧គល់។ ឈើទាំងនោះ មានអង្កាត់ផ្ជិតចាប់៤០សងទីម៉ត្រែ ទៅ១០០សង់ទីម៉ែត្រ ក្នុងប្រភេទដើមឈើនីមួយៗ។ ឈើអាច្រៀកខាងលើនេះ គឺជាដើមឈើច្បោះជ័ររបស់ភូមិ ហើយទីតាំងនោះមានចំការចាស់ព័ទ្ធជុំវិញ ហើយមានដាក់ឈើបាញ់ថ្នាំសម្គាល់ គ្រោងកាប់រុករានដីព្រៃ។
សេចក្តីសន្និដ្ឋានរបស់ក្រុមការងារ ករណីខាងលើនេះជាករណីកាប់រំលំ អារច្រៀកឈើ បន្ទាប់មកកាប់រុករានទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធិ។ បច្ចុប្បន្នមន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង រៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងបន្តសហការជាមួយអាជ្ញាធរភូមិឃុំ ស្រាវជ្រាវរកជនដែលបានប្រព្រឹត្ត ដើម្បីចាត់ការតាមនិតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *