Advertisement

សង្គ្រាមពាណិជ្ជកម្មរវាងកាណាដា និងអាមេរិកអាចនឹងផ្ទុះឡើង ក្រោយកាណាដាត្រៀមតម្លើងពន្ធគយ ២៥% លើផលិតផលនាំចូលពីសហរដ្ឋអាម៉េរិក

កាណាដា៖ បើតាមប្រភពក្រៅផ្លូវការដែលស្និទនឹងរដ្ឋាភិបាលកាណាដា បានប្រាប់មកកាន់សារព័ត៌មានCNNថា ប្រទេសកាណាដាកំពុង ត្រៀមវិធានការឆ្លើយតបទៅនឹងការព្រមានតម្លើងពន្ធគយ ២៥% របស់ប្រធានាធិបតីទើបជាប់ឆ្នោតនៅអាម៉េរិក គឺលោកដូណាល់ត្រាំ ប្រសិនបើអតីតមេដឹកនាំអាម៉េរិករូបនេះហ៊ានផ្តើមសង្គ្រាមពាណិជ្ជកម្មជាមួយកាណាដា។

វិធានការសងសឹករបស់ប្រទេសកាណាដា គ្រោងរួមបញ្ជូនការតម្លើងពន្ធគយលើផលិតផលសំខាន់ៗជាច្រើនមុខដែលនាំចូលពីសហរដ្ឋអាម៉េរិក ខណៈស្ថានភាពនេះកំពុងបង្ហាញឱ្យឃើញថា លទ្ធភាពនៃការកើតមាននូវសង្គ្រាមពាណិជ្ឋកម្មរវាងសហរដ្ឋអាម៉េរិកនិងកាណាដាអាចនឹងជៀសមិនផុតនោះឡើយ ប្រសិនលោកដូណាល់ត្រាំពិតជាអនុវត្តផែនការគោលនយោបាយពន្ធរបស់លោកលើប្រទេសមួយនេះមែននោះ ហើយវាក៏នឹងប៉ះពាល់ដល់អ្នកប្រើប្រាស់រាប់លាននាក់នៅជុំវិញពិភពលោក។

ប្រភពដដែលបានបន្តបញ្ជាក់ថា មន្រ្តីរដ្ឋាភិបាលកាណាដាកំពុងធ្វើការរៀបបញ្ជីឈ្មោះផលិតផលនាំចូលពីរបស់សហរដ្ឋអាម៉េរិក ដើម្បីជាគោលដៅសម្រាប់ការតម្លើងពន្ធគយ ហើយនៅក្នុងកិច្ចការងារនេះ គេនឹងផ្តោតសំខាន់លើផលិតផលទំនិញណាដែលអាចផ្ញើជាសារនយោបាយទៅកាន់សហរដ្ឋអាម៉េរិក ទន្ទឹមគ្នានិងបង្កការខូចខាតផ្នែកសេដ្ឋកិច្ចរបស់អាម៉េរិកក្នុងកម្រិតមួយសមស្របទៅនឹងអ្វីដែលអាម៉េរិកគ្រោងធើ្វចំពោះប្រទេសកាណាដា។

ចំពោះផលិតផលដែលជាគោលដៅសម្រាប់ការតម្លើងពន្ធក្នុងការនាំចូលទាំងនោះ រួមមាន ផលិតផលគ្រឿងសេរ៉ាមិច គ្រឿងដែក គ្រឿងសង្ហារិម ភេសជ្ជៈមានជាតិអាល់កុល ស្រាវីស្គី ទឹកក្រូច ចំណីអាហារសត្វចិញ្ចឹម និងទំនិញផ្សេងៗជាច្រើនទៀត ដោយរាប់បញ្ចូលទាំងផលិតផលលើវិស័យថាមពលផងដែរ។ ហើយសម្រាប់ស្ថានការណ៍អាក្រក់ចុងក្រោយ ប្រទេសកាណាដាអាចនឹងធើ្វការបង្កើនពន្ធបន្ថែមលើផលិតផលថាមពលរបស់ខ្លួនដែលនាំចេញទៅកាន់សហរដ្ឋអាម៉េរក។

ប្រភពខាងលើបានគូសបញ្ជាក់ថា គិតមកដល់ពេលនេះរដ្ឋាភិបាលកាណាកានៅមិនទាន់ធើ្វការសម្រេចចិត្តណាមួយជាក់លាក់នៅឡើយទេ ដូច្នេះការត្រៀមបញ្ជីឈ្មោះផលិតផលទាំងអម្បាលមាននេះ អាចនឹងមានការផ្លាស់ប្តូរ ឬក៏មិនត្រូវបោះបង់ចោលក៏ថាបាន៕

Leave a Reply

Your email address will not be published. Required fields are marked *