អាម៉េរិក៖ ថ្លែងប្រាប់ទៅកាន់អ្នកសារព័ត៌មាននៅឯសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានបញ្ជាក់ថា លោកទំនងជានឹងសម្រេចចិត្តនៅថ្ងៃដដែលនេះ លើការកំណត់ពន្ធគយ ២៥%ចំពោះការនាំចូលប្រេងពីម៉ិកស៊ិកកូ និងកាណាដា ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែកុម្ភៈ។
បន្ថែមពីនេះ លោកត្រាំ ធ្លាប់បានព្រមានប្រទេសទាំងពីរថា ពន្ធគយទាំងនេះ នឹងកំណត់ជាផ្លូវការ រហូតទាល់តែពួកគេ (កាណាដា និងម៉ិកស៊ិកកូ) បញ្ឈប់នូវសកម្មភាពដឹកជញ្ជូនគ្រឿងញៀន រួមទាំងទប់ស្កាត់លំហូរជនចំណាកស្រុកឆ្លងកាត់ព្រំដែនសហរដ្ឋអាម៉េរិក ជាបន្តទៀត ។
ជុំវិញការលើកឡើងរបស់លោកត្រាំ ការិយាល័យរបស់នាយករដ្ឋមន្ត្រីកាណាដា ចាស់ស្ទីន ទ្រូដូ (Justin Trudeau) ព្រមទាំងក្រសួងសេដ្ឋកិច្ចរបស់ប្រទេសម៉ិកស៊ិកកូ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរសុំការអត្ថាធិប្បាយពីអ្នកសារព័ត៌មាននោះទេ ។
ក្រៅពីរឿងរ៉ាវដំឡើងពន្ធគយ លោកត្រាំ បាននិយាយថា សមាជិកនៃភ្នាក់ងារសេវាកម្មចំណូលផ្ទៃក្នុង (IRS) រាប់ពាន់នាក់ដែលធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកចូ បៃដិន (Joe Biden) អាចនឹងទទួលបានការចាត់តាំងឡើងវិញ ដើម្បីជួយដល់កិច្ចខិតខំគ្រប់គ្រងបន្ទាត់ព្រំដែនសហរដ្ឋអាម៉េរិក។ លោកក៏បានបង្ហាញទំនុកចិត្តដែរថា ប្រទេសអេហ្ស៊ីប និងហ្ស៊កដានី នឹងសហការជួយជ្រោមជ្រែង ក្នុងការទទួលយកជនភៀសខ្លួនពីតំបន់ហ្គាហ្សា ៕
Leave a Reply