Advertisement

ផ្លូវរថភ្លើងល្បឿនលឿនដំបូងបង្អស់របស់ថៃ តភ្ជាប់ទៅកាន់ប្រទេសចិនឆ្លងកាត់ប្រទេសឡាវ នឹងចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០៣០

បាងកក ៖ រដ្ឋាភិបាលថៃរំពឹងថា ផ្លូវរថភ្លើងល្បឿនលឿនដំបូងបង្អស់របស់ខ្លួន ដែលតភ្ជាប់ប្រទេសថៃទៅកាន់ប្រទេសចិនឆ្លងកាត់ប្រទេសឡាវ នឹងចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០៣០។
ផ្លូវរថភ្លើងល្បឿនលឿននេះមានប្រវែង ៦០៩គីឡូម៉ែត្រ ហើយត្រូវបានប៉ាន់ស្មានថា មានតម្លៃ ៤៣៤ពាន់លានបាត ឬ ១២,៩ពាន់លានដុល្លារ។ បណ្តាញផ្លូវដែកថៃនេះដែរ នឹងត្រូវតភ្ជាប់ទៅខ្សែផ្លូវដែកឡាវ និងចិន តាមរយៈស្ពានឆ្លងកាត់ទន្លេមេគង្គ។
ថៃកំពុងព្យាយាមធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ជាមួយចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ខណៈដែលប្រទេសមានសេដ្ឋកិច្ចធំទីពីររបស់តំបន់អាស៊ីអាគ្នេយ៍មួយនេះ កំពុងព្យាយាមសម្រេចឱ្យបានកំណើនសេដ្ឋកិច្ច ដើម្បីតាមឱ្យទាន់ប្រទេសជាដៃគូក្នុងតំបន់។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Jirayu Houngsub បាននិយាយថា ផ្លូវរថភ្លើងល្បឿនលឿននេះ គឺជាឱកាសសម្រាប់ប្រទេសថៃ ក្នុងការតភ្ជាប់ទៅកាន់សេដ្ឋកិច្ចពិភពលោក ដោយលោកបន្ថែមថា វាក៏នឹងនាំប្រទេសថៃឱ្យកាន់តែខិតជិតគោលដៅរបស់ខ្លួន ក្នុងការក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនផងដែរ។

ការប្រកាសនេះធ្វើឡើងមួយឆ្នាំ បន្ទាប់ពីប្រទេសចិនបានជំរុញប្រទេសថៃ ឱ្យមានការរីកចម្រើនកាន់តែលឿនជាងមុនទៅលើបណ្តាញផ្លូវដែក។ ជាក់ស្តែង ថៃ និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើការសាងសង់ផ្លូវដែកក្នុងឆ្នាំ ២០១៧ ជាមួយនឹងផែនការចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០២១។
ផែនការនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមពាណិជ្ជកម្មខ្សែក្រវ៉ាត់ និងផ្លូវប្រកបដោយមហិច្ឆិតារបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលរួមមានផែនការសាងសង់ផ្លូវដែកចំនួនបីខ្សែ ដែលផ្តើមចេញពីទីក្រុងគុនមីង ឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា ថៃ និងវៀតណាម៕

Leave a Reply

Your email address will not be published. Required fields are marked *