Advertisement

តើការឡកម៉ុងសាយមានអត្ថន័យយ៉ាងណា ក្នុងថ្ងៃចូលឆ្នាំចិន ជាពិសេសសម្រាប់អ្នករកស៊ី?

ភ្នំពេញ៖ ម៉ុងសាយជាក្រុមរបាំប្រពៃណីចិនមួយដែលរួមសម្ដែងដោយសិល្បករពាក់ក្រណាត់ឆ្នៃជារូបសត្វតោ ហក់ លោត ចុះឡើងនៅលើបង្គោលដែក ធ្វើត្រាប់តាមកាយវិការសត្វតោពិតៗបូកបញ្ចូលក្បាច់គុណពិសេសៗជាច្រើនទៀតអមដោយអ្នកវាយស្គរលាន់ទ្រហឹងអឺងកងឱ្យស៊ីទៅនឹងចង្វាក់នៃការលោតផ្លោះរបស់តោ។

ប្រជាពលរដ្ឋខ្មែរដែលជាប់សែស្រឡាយចិនមានជំនឿថា ម៉ុងសាយគឺជាតំណាងសត្វតោដែលមានឫទ្ធិខ្លាំងក្លា អាចបណ្ដេញ ឬកម្ចាត់ភាវៈអាក្រក់ឧបទ្រពចង្រៃទាំងពួងដើម្បីនាំមកនូវសិរីសួស្ដី នាំលាភនាំជ័យក្នុងឆ្នាំថ្មី។ ចំពោះការរាំម៉ុងសាយមួយគេត្រូវការឱ្យមានអ្នករាំចំនួនពីរនាក់ ដោយម្នាក់នៅក្បាលតោ និងម្នាក់ទៀតនៅកន្ទុយតោ ហើយអ្នករាំម៉ុងសាយគេមិនងាយនឹងឃើញមុខទេ ព្រោះគ្របជិតដោយសម្លៀកបំពាក់តោ។

តាមរយៈអ្នកសិក្សាស្រាវជ្រាវផ្នែកវប្បធម៌ចិនបានឱ្យដឹងថា ប្រពៃណីទំនៀមទម្លាប់នេះគឺ ជនជាតិចិនបានធ្វើតៗគ្នាទៅតាមការនិទានរឿងរបស់ដូនតា ឬកុងម៉ាប្រាប់តៗពីមួយជំនាន់ទៅមួយជំនាន់ដែលគេជឿថា ការឡកម៉ុងសាយជាការនាំហុងស៊ុយលើករាសីបណ្ដេញឧបទ្រពចង្រៃក្នុងឆ្នាំចាស់ចេញឱ្យអស់ ហើយនាំមកនូវសំណាងល្អក្នុងឆ្នាំថ្មី។

ចំពោះការឡកម៉ុងសាយនេះ មិនមែនមានជំនឿតែពលរដ្ឋសាមញ្ញនោះទេ សូម្បីតែអ្នកជំនួញ ក្រុមហ៊ុនធំៗមួយចំនួនក៏មានជំនឿដូចគ្នានេះផងដែរ និងបានធ្វើពិធីឡកម៉ុងសាយដែលមានភាពទំនើប និងអស្ចារ្យ ដែលធ្វើឱ្យមានការទាក់ទាញដល់អ្នកទស្សនាថែមទៀតផង និងរំពឹងថា នឹងធ្វើឱ្យការរកស៊ីរបស់ពួកគេទទួលបានជោគជ័យ និងរីកចម្រើនជាលំដាប់៕

Leave a Reply

Your email address will not be published. Required fields are marked *