Advertisement

ក្នុងពិធីបុណ្យចូលឆ្នាំចិន ពលរដ្ឋថៃ អាចចំណាយកើនឡើងដល់ជាង ១,៥ពាន់លានដុល្លារ

យោងតាមការស្ទង់មតិដោយសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) បានបង្ហាញឲ្យដឹងថា ការចំណាយរបស់ពលរដ្ឋថៃ នៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិនខាងមុខ ត្រូវបានព្យាករថា នឹងកើនឡើង ៤,៥% ដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានរយ:ពេល ៥ឆ្នាំចុងក្រោយ ជាមួយនឹងចំនួនទឹកប្រាក់សរុបប្រមាណ ៥១,៨ពាន់លានបាត (១,៥ពាន់លានដុល្លារ)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

លោក Thanavath Phonvichai ប្រធាន UTCC បាននិយាយថា តាមការស្ទង់មតិខាងលើនេះ បានបង្ហាញឲ្យដឹងថា អ្នកប្រើប្រាស់ភាគច្រើនជឿថា ការចំណាយនៅក្នុងពិធីចូលឆ្នាំចិនឆ្នាំនេះ នឹងមានភាពរឹងមាំជាងឆ្នាំមុន។

ជុំវិញកើនឡើងនេះ លោក Thanavath បានសន្មតថា ដោយសារតែមានការជួយជ្រោមជ្រែងដោយវិធានការជំរុញទឹកចិត្តរបស់រដ្ឋាភិបាលដែលបានដាក់ចេញកាលពីចុងឆ្នាំមុន ខណ:វិធានការនេះ បានជួយបង្កើនដល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់កាន់តែច្រើន។
ទោះជាយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់នៅតែប្រុងប្រយ័ត្នចំពោះការចំណាយរបស់ពួកគេ ហើយមានការព្រួយបារម្ភអំពីការកើនឡើងនៃតម្លៃទំនិញសំខាន់ៗ និងការចំណាយលើការធ្វើដំណើរ។

ការ​ចំណាយ​របស់​អ្នក​ប្រើ​ប្រាស់​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​ចិន ​ត្រូវ​បាន​ប៉ាន់​ស្មាន​ថា​នឹង​កើន​ឡើង​ដល់ ៥១,៨ពាន់​លាន​បាត ពោលកើន​ឡើង ៤,៥% បើធៀប​ទៅនឹង​ឆ្នាំ​មុន។ ខណ:នេះក៏ជាលើកទីមួយហើយដែលការចំណាយនឹងមានការកើនឡើងលើសពីចំនួន ៥០ពាន់លានបាត គិតចាប់តាំងពីមានជំងឺរាតត្បាតមក។

យ៉ាងណាមិញ ទាក់ទងនឹងកម្រិតខ្យល់ពុល PM2.5 នៅក្នុងប្រទេស លោក Thanavath បាននិយាយថា វាទំនងជាមិនប៉ះពាល់ខ្លាំងដល់វិស័យទេសចរណ៍ថៃនោះទេ។ លោក​បាន​បន្ត​ថា សេដ្ឋកិច្ច​ថៃ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ស្ទុះ​ងើប​ឡើង​វិញ ដោយ UTCC បាន​ព្យាករ​ថា​នឹង​មាន​អត្រា​កំណើន ៣% សម្រាប់​ឆ្នាំ​នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *