ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ពីរាជធានីភ្នំពេញ ទៅខេត្តកណ្តាល បាននិងកំពុងសិក្សាលម្អិ តដើម្បីជំរុញការចាប់ផ្តើមសាងសង់។
ក្នុងអំឡុងពេល នៃការសិក្សានេះ នឹងមានការបិទផ្លូវនាវាចរណ៍មួយចំនួន ដើម្បីយកសំណាកគំរូពិសោធន៍ និងធ្វើពិសោធន៍ ដែលអាចបង្កឱ្យមានការរំខានដល់ការធ្វើនាវាចរណ៍ផ្សេងៗ។
ដើម្បីធានាបាននូវសុវត្ថិភាពរបស់នាវាចរណ៍ដែលធ្វើដំណើរតាមទន្លេសាប និងទន្លេមេគង្គ ឆ្លងកាត់តំបន់ការដ្ឋានសាងសង់នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន អំពាវនាវដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ បង្កើនការយកចិត្តទុកដាក់ក្នុងការបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងឧបទ្ទវហេតុកើតឡើងជាយថាហេតុ។
ដើម្បីបង្ការ និងបញ្ចៀសបញ្ហានេះ ក្រសួងណែនាំឱ្យអនុវត្តតាមការណែនាំដូចខាងក្រោម៖
១៖ បន្ថយល្បឿននាវា និងបើកបរនៅក្នុងចន្លោះសុវត្ថិភាពដែលមានផ្លាក និងពោងសញ្ញាបង្ហាញ។
២៖ រក្សាចម្ងាយសុវត្ថិភាពបើកបរឱ្យបានគ្រប់គ្រាន់ យ៉ាងតិច ៥០ម៉ែត្រ ដើម្បីចៀសវាងហានិភ័យនៃការប៉ះ ទង្គិចពេលឆ្លងកាត់ច្រករួមតូច ឬនៅជិតតំបន់សិក្សា។
៣៖ ផ្ដល់អាទិភាពដល់ក្រុមការងារសិក្សាគម្រោង និងអនុវត្តតាមការផ្តល់សញ្ញា និងការណែនាំពីក្រុមការងារចរាចរណ៍ផ្លូវទឹក។
៤៖ មិនអនុញ្ញាតឱ្យនាវាបោះយុថ្កា ឈប់សំចត ឬស្នាក់នៅក្នុងចម្ងាយ ១០០ម៉ែត្រ ពីតំបន់សិក្សា។
៥៖ នាវាធ្វើដំណើរឆ្លងកាត់តំបន់សិក្សា ត្រូវតែធ្វើចរាចរណ៍ទៅតាមទីតាំងដែលបានកំណត់។
ពេលនេះអាចរាប់ថា គម្រោងមួយនេះចាប់ផ្តើមចេញដំណើរហើយ។ គម្រោងនេះ គ្រោងប្រកាសបើកការដ្ឋានជាផ្លូវការនៅឆ្នាំ២០២៥នេះ។
សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េនេះ ត្រូវសាងសង់ស្ពានចំនួន២រួមមាន៖
ស្ពានទី១៖ ឆ្លងកាត់ទន្លេសាប (ចាប់ផ្តើមពីចំណុចម្តុំសួនផ្សាររាត្រី (ផ្សារចាស់) ឆ្លងកាត់ទៅត្រើយម្ខាងជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខា) មានប្រវែង ១.១៩ គ.ម។
ស្ពានទី២៖ ឆ្លងកាត់ទន្លេមេគង្គ ចាប់ផ្តើមពីចំណុចត្រើយម្ខាងជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខា) ឆ្ពោះទៅប្រសព្វនឹងផ្លូវលេខ ៣៨០ ក្រុងអរិយក្សត្រ (ខេត្តកណ្តាល) មានប្រវែង ១.១៨ គ.ម និងផ្លូវតភ្ជាប់ទៅផ្លូវប្រសព្វនឹងផ្លូវលេខ ៣៨០ មានប្រវែង ១.១៧គ.ម។
គម្រោងនេះ គ្រោងប្រើរយៈពេលអនុវត្តចំនួន ៥ឆ្នាំ ២ខែ (៦២ខែ) និងរយៈពេលសាងសង់ចំនួន ៣ឆ្នាំ ៩ខែ (៤៧ខែ)៕
Leave a Reply