ខេត្តព្រះវិហារ៖ កិច្ចប្រជុំទ្វេភាគីស្តីពីលទ្ធភាព នៃការសាងសង់ស្ពាន ទន្លេរពៅ-សេឡាំផាវ និងផ្លូវតភ្ជាប់ រវាងខេត្តព្រះវិហារ នៃប្រទេសកម្ពុជា និងខេត្តចម្ប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេ្យប្រជាមានិតឡាវ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅព្រំដែន កម្ពុជា-ឡាវ ក្នុងឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ដែលភាគីកម្ពុជាដឹកនាំដោយលោក ឡេង ធនយុទ្ធា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធខេត្តព្រះវិហារ អជ្ញាធរស្រុកឆែប ដោយឡែកភាគីឡាវដឹកនាំដោយលោក អាណាដា ប៊ូលុម អគ្គនាយករងនៃក្រសួងសាធារណការ និងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាធិបតេត្យប្រជាមានិតឡាវ និងក្រុមការជាច្រើនរូបទៀតផងដែរ។
កិច្ចប្រជុំក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃការតភ្ជាប់រវាងប្រទេសទាំងពីរ ហើយបានចែករំលែកទស្សនៈរួមថា មានការតភ្ជាប់កាន់តែច្រើននឹងជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ តាមរយៈការជំរុញពាណិជ្ជកម្មទ្វេភាគី ទេសចរណ៍ និងការវិនិយោគ ដែលនឹងនាំមកនូវភាពជាអ្នកជិតខាងល្អ និងវិបុលភាពដល់ប្រទេសទាំងពីរ ព្រមទាំងប្រជាជន។
បន្ថែមពីនេះការតភ្ជាប់រវាងប្រទេសទាំងពីរនៅទន្លេរពៅ-សេឡាំផាវ នឹងកំណត់ប្រវត្តិសាស្ត្រថ្មីសម្រាប់ប្រទេសទាំងពីរ ក្នុងការកសាងទំនាក់ទំនង និងការតភ្ជាប់សង្គម វប្បធម៌ និងប្រជាជន និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ដែលនាំមកនូវការពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការ សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន សម្រាប់មនុស្ស ជំនាន់ក្រោយ។
ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសអ្នករស់នៅខេត្តព្រះវិហារ និង ខេត្តចម្ប៉ាសាក់ ត្រូវការជាបន្ទាន់នូវស្ពានទន្លេរពៅ-សេឡាំផាវ និងផ្លូវតភ្ជាប់ ដើម្បីសម្រួលដល់ ការធ្វើដំណើរ ជីវភាពសង្គម និងការដោះដូរទំនិញនិងសេវាកម្ម។
Leave a Reply