Advertisement

[WATCH VIDEO] គណៈរដ្ឋមន្ត្រីថៃ សម្រេចអនុម័តសេចក្តីព្រាងច្បាប់ ធ្វើឱ្យល្បែងស៊ីសង និងកាស៊ីណូស្របច្បាប់ ដើម្បីជំរុញទេសចរណ៍ ការងារ និងការវិនិយោគ

បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានបញ្ជាក់នៅថ្ងៃចន្ទទី១៣ ខែមករាថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃបានអនុម័តសេចក្តីព្រាងច្បាប់ដែលធ្វើឱ្យល្បែងស៊ីសង និងកាស៊ីណូស្របច្បាប់ ក្នុងគោលបំណងជំរុញទេសចរណ៍ ការងារ និងការវិនិយោគ។

នៅក្រោមផែនការរបស់រាជរដ្ឋាភិបាល ច្បាប់នេះនឹងត្រូវបញ្ជូនទៅសភាដើម្បីពិចារណា ដោយល្បែងស៊ីសងនឹងលេចឡើងនៅក្នុងកន្លែងកម្សាន្តទ្រង់ទ្រាយធំ។ ទោះបីជាកាស៊ីណូ និងល្បែងស៊ីសងប្រភេទផ្សេងទៀតភាគច្រើនត្រូវបានហាមឃាត់នៅក្នុងប្រទេសថៃក៏ដោយ ក៏នៅតែមានសកម្មភាពល្បែងស៊ីសងដូចជាការចាក់បាល់ និងល្បែងស៊ីសងផ្សេងទៀត រួមទាំងឆ្នោត។
លោកស្រី ផែថងថាន នាយករដ្ឋមន្ត្រីថៃ បានលើកឡើងថា វិស័យទេសចរណ៍គឺជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍ ហើយប្រទេសថៃកំពុងព្យាករណ៍ចំនួនភ្ញៀវទេសចរកំណត់ត្រាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ហើយ«ការធ្វើឱ្យកាស៊ីណូស្របច្បាប់នឹងការពារសាធារណជន ហើយនឹងបង្កើតចំណូលរដ្ឋបន្ថែមទៀត»។

ជុំវិញការអនុម័តសេចក្តីព្រាងច្បាប់ ធ្វើឱ្យល្បែងស៊ីសង និងកាស៊ីណូ ទៅជាស្របច្បាប់នេះ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាអ្នកនយោបាយជើងចាស់ ជឿជាក់ថា ប្រទេសមានសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះ គួរតែជំរុញឱ្យមានការអនុញ្ញាតឱ្យការលេងល្បែងអនឡាញក្លាយជាស្របច្បាប់។ លោកជំរុញបែបនេះ ដោយលើកទឡ្ហីករណ៍ថា វាអាចធ្វើឱ្យរាជរដ្ឋាភិបាលទទួលបានប្រាក់ចំណូលប្រចាំឆ្នាំរហូតដល់១០០ពាន់លានបាត ឬស្មើនឹងប្រមាណ២,៨៩ពាន់លានដុល្លារ។

លោក ថាក់ស៊ីន បានបន្ថែមថា៖«ល្បែងអនឡាញមានអ្នកលេងជាជនជាតិថៃពី២ទៅ៤លាននាក់ ជាមួយនឹងការសន្សំប្រាក់ចំនួន៣០០ពាន់លានបាត និងចំណេញ និងខាតបង់ប្រហែល៥០០ពាន់លានក្នុងមួយឆ្នាំ។ ប្រសិនបើយើងអាចយកពន្ធបាន ២០ភាគរយ[..] យើងនឹងទទួលបានជាង១០០ពាន់លានក្នុងមួយឆ្នាំ»។ជាមួយគ្នានេះ លោក ថាក់ស៊ីន ក៏បានជំរុញឱ្យស្ថាប័នហិរញ្ញវត្ថុរបស់ប្រទេសថៃ បើកទូលាយជាងមុន ចំពោះរូបិយបណ្ណគ្រីបតូ ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *