បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសថាលោកនឹងប្រគល់ទាហានកូរ៉េខាងជើងពីររូបដែលត្រូវបានចាប់ខ្លួនបានប្រគល់ត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញជាថ្នូរក្នុងការដោះអ្នកទោសទាហានអ៊ុយក្រែនដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសរុស្ស៊ី។ ការប្រកាសរបស់លោកនេះធ្វើឡើងប៉ុន្មានថ្ងៃតែប៉ុណ្ណោះក្រោយពីទាហានកូរ៉េខាងជើងពីររូបដែលជួយរុស្ស៊ីច្បាំងជាមួយនិងប្រទេសអ៊ុយក្រែនត្រូវបានចាប់ខ្លួនដោយទាហានអ៊ុយក្រែនក្នុងតំបន់ប្រយុទ្ធ។
យោងតាមសេវាស៊ើបការណ៍សម្ងាត់អ៊ុយក្រែនបានឲ្យដឹងថាជនជាតិកូរ៉េខាងជើងទាំងពីរនេះត្រូវបានចាប់ខ្លួននៅថ្ងៃទី ៩ ខែមករា ក្រោយចាប់ខ្លួនបានពួកគេនិយាយតែភាសាកូរ៉េប៉ុណ្ណោះ ហើយបច្ចុប្បន្នកំពុងត្រូវបានសួរនាំដោយជំនួយពីកូរ៉េខាងត្បូង។ លោក Zelensky បានបង្ហោះរូបថតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកផ្ទាល់កាលពីថ្ងៃសៅរ៍ដែលបង្ហាញពីជនជាតិកូរ៉េទាំងពីរនេះរងរបួស និងកំពុងទទួលការព្យាបាល។
អី្វីដែលគួរឱ្យភ្ជាក់ផ្អើលនោះ ផ្ទុយពីអ៊ុយក្រែន លោក គឺម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានណែនាំឱ្យទាហានកូរ៉េខាងជើងទាំងអស់ ត្រូវធ្វើអត្តឃាតតាមរយៈការបំផ្ទុះខ្លួនឯងផងដែរ ដើម្បីបញ្ចៀសការចាប់ខ្លួន នៅលើសមរភូមិ។ដែលនេះជាការណែនាំដ៏គួរឱ្យសង្វេកបំផុតរបស់ទាហានកូរ៉េខាងជើង ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទ ទី១៣ ខែមករា ទីក្រុងសេអ៊ូល បានអះអាងថា ចំនួនកងទ័ពកូរ៉េខាងជើង ដែលបានបាត់បង់ជីវិតនិងរងរបួស ក្នុងសង្រ្គាមរវាងរុស្ស៉ីនិងអ៊ុយក្រែន កើនលើស៣០០០នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្នុងនោះ ផងដែរ យោងតាមការវាយតម្លៃ របស់អ៊ុយក្រែននិងក្រុមលោកខាងលិច ទាហានកូរ៉េខាងជើង ប្រហែល ១១០០០នាក់ ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk ដើម្បីជួយជាកម្លាំងដល់កងទ័ពរុស្ស៉ី ក្នុងការវាយបណ្ដេញកងទ័ពអ៊ុយក្រែន ចេញពីតំបន់ភាគខាងលិចនៃប្រទេសរុស្ស៉ីមួយនេះ។ ប៉ុន្តែទាំងមូស្គូ និងព្យុងយ៉ាងមិនបានទទួលស្គាល់ ឬប្រកែកទៅនឹងវត្តមានទាហានកូរ៉េខាងជើង នឹងតួរលេខនៃការស្លាប់របស់ទាហានខ្លួន នៅសមរភូមិ៕
Leave a Reply