Advertisement

អាជីវកម្មចំនួន ៤១ភាគរយនៅជុំវិញពិភពលោកមានបំណងកាត់បន្ថយបុគ្គលិក ដោយសារតែបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅ៥ឆ្នាំខាងមុខ

អាមេរិក៖ ការស្ទង់មតិរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានបង្ហាញថា អត្រា ៧៧ភាគរយនៃអាជីវកម្មទូទាំងពិភពលោក មានផែនការបណ្តុះបណ្តាលឡើងវិញ ឬបង្កើនជំនាញដើម្បីធ្វើការជាមួយបញ្ញាសិប្បនិម្មិត (AI) ខណៈដែលអត្រា ៤១ភាគរយទៀតគ្រោងកាត់បន្ថយបុគ្គលិកដោយសារតែ AI។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN។

យោងតាមលទ្ធផលស្ទង់មតិ Future of Jobs Report របស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានឱ្យដឹងថា អាជីវកម្មចំនួន ៤១ភាគរយនៅជុំវិញពិភពលោកមានបំណងកាត់បន្ថយបុគ្គលិក ដោយសារតែបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានផ្លាស់ប្តូរ និងជួយសម្រួលការងារមួយចំនួនរបស់មនុស្សនៅការិយាល័យ។

ក្នុងចំណោមអាជីវកម្មធំៗរាប់រយដែលត្រូវបានស្ទង់មតិជុំវិញពិភពលោក ក្នុងនោះ ៧៧ភាគរយបានអះអាងថា ពួកគេមានគម្រោងបង្កើនជំនាញ ឬជំរុញកម្លាំងពលកម្មបច្ចុប្បន្នរបស់ពួកគេនៅចន្លោះឆ្នាំ ២០២៥-២០៣០ ដើម្បីអាចធ្វើការជាមួយ AI។មុខតំណែងបុគ្គលិកផ្នែកសេវាប្រៃសណីយ៍, លេខាធិការ និងបុគ្គលិកបើកប្រាក់បៀវត្សរ៍ ស្ថិតក្នុងចំណោមក្រុមការងារដែលនិយោជករំពឹងថា នឹងកាត់បន្ថយច្រើនបំផុតក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ ដោយសារតែការអភិវឌ្ឍនៃបច្ចេកវិទ្យា AI និងដោយសារនិន្នាការផ្សេងទៀត។

ទន្ទឹមនេះ តម្រូវការជំនាញ AI ក៏កំពុងកើនឡើងផងដែរ ដែលស្ទើរតែ ៧០ភាគរយនៃអាជីវកម្មដែលត្រូវបានស្ទង់មតិបាននិយាយថា ពួកគេមានគម្រោងជួលកម្មករថ្មីដែលមានជំនាញ ដើម្បីរចនា និងកែលម្អឧបករណ៍ AI។ ៦២ភាគរយគ្រោងនឹងជ្រើសរើសបុគ្គលិកដែលមានជំនាញបន្ថែមទៀតដើម្បីធ្វើការជាមួយ AI៕

Leave a Reply

Your email address will not be published. Required fields are marked *