Advertisement

គណៈប្រតិភូមកពីសមាគមសហគ្រាសធុនតូច និងមធ្យមអាស៊ីប៉ាស៊ីហ្វិក ចាប់អារម្មណ៍ពីឱកាសវិនិយោគក្នុងវិស័យជាច្រើននៅកម្ពុជា

គណៈប្រតិភូមកពីសមាគមសហគ្រាសធុនតូច និងមធ្យម អាស៊ីប៉ាស៊ីហ្វិក (APASME) ដែលរួមមានតំណាងមកពីសហគមន៍ធុរកិច្ចកាណាដា និងចិន បានសិក្សាពីឱកាសវិនិយោគក្នុងវិស័យជាច្រើននៅកម្ពុជា រួមទាំងកសិកម្ម ទឹកស្អាត ការកែច្នៃចំណីអាហារ និងការអភិវឌ្ឍឧស្សាហកម្ម។នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូមកពីសមាគមសហគ្រាសធុនតូច និងមធ្យម អាស៊ីប៉ាស៊ីហ្វិក (APASME) កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ គណៈប្រតិភូ ដែលរួមមានតំណាងមកពីសហគមន៍ធុរកិច្ចកាណាដា និងចិន បានសិក្សាឱកាសវិនិយោគក្នុងវិស័យជាច្រើននៅកម្ពុជា រួមទាំងកសិកម្ម ទឹកស្អាត ការកែច្នៃចំណីអាហារ និងការអភិវឌ្ឍឧស្សាហកម្ម ដោយចាប់អារម្មណ៍ជាពិសេសលើការនាំយកដំណោះស្រាយបច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីនដើម្បីគាំទ្រវិស័យទាំងនោះ។

លោក Lang Wangkai តំណាងក្រុមហ៊ុនបច្ចេកវិទ្យាមួយរបស់ចិន ក៏បានចែករំលែកបទពិសោធន៍ប្រទេសចិនក្នុងការប្រែក្លាយជាប្រទេសឈានមុខផ្នែកបច្ចេកវិទ្យា ដោយលោក​បាន​លើកឡើង​ថា យុទ្ធសាស្ត្រ​អភិវឌ្ឍន៍របស់​កម្ពុជា​ស្រប​ទៅ​នឹង​ជំនាញ​របស់​ប្រទេស​ចិន ​ពិសេសទាក់ទងនឹងបច្ចេកវិទ្យាបញ្ញា​សិប្បនិម្មិត វិទ្យាសាស្ត្រ​រូបធាតុ និង​បច្ចេកវិទ្យា​ទំនើបផ្សេងទៀត។នាឱកាសនោះ លោក ហែម វណ្ណឌី បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើពិពិធកម្មឧស្សាហកម្ម និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក តាមរយៈការអនុវត្តស្តង់ដារបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងការបំពេញលក្ខខណ្ឌតម្រូវវត្ថុធាតុដើមក្នុងស្រុកជាដើម។

លោកបន្តថា កម្ពុជាគឺជាទីផ្សារកំពុងរីកចម្រើន និងមិនល្អឥតខ្ចោះទេ ដែលកំពុងខិតខំពង្រឹងវិស័យគាំទ្រចាំបាច់ ដូចជាការអភិវឌ្ឍជំនាញ ការកាត់បន្ថយថ្លៃឡូជីស្ទីក និងថ្លៃថាមពលជាដើម ព្រមទាំងបានបញ្ជាក់ជូនគណៈប្រតិភូពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញបរិយាកាសគាំទ្រវិនិយោគ។

លោកក៏បានលើកទឹកចិត្តឱ្យគណៈប្រតិភូនាំយកបច្ចេកវិទ្យា ចំណេះដឹង និងបទពិសោធន៍របស់ខ្លួន មកកម្ពុជា ដើម្បីជាមូលដ្ឋានសម្រាប់ការវិនិយោគបន្ថែម ដោយបញ្ជាក់ថា រាជរដ្ឋាភិបាលក៏អាចរៀបចំតំបន់សេដ្ឋកិច្ចពិសេសសម្រាប់វិស័យអាទិភាពជាក់លាក់។

បន្ថែមពីនោះ លោកក៏ស្នើឱ្យសមាគម APASME បង្កើតការិយាល័យរបស់ខ្លួននៅកម្ពុជា ហើយអាចចាប់ផ្តើមដោយធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍លើពូជដំណាំដែលធន់នឹងអាកាសធាតុ និងផ្តល់ទិន្នផលខ្ពស់ ព្រមទាំងវិនិយោគលើការផលិតទំនិញដែលមានបន្ថែមតម្លៃខ្ពស់ ដូចជាគ្រឿងទេស ផលិតផលវេចខ្ចប់ ឬស្រាអង្ករប្រណិត ដោយទាញយកអត្ថប្រយោជន៍ពីកេរ្តិ៍ឈ្មោះដែលអង្ករកម្ពុជាបានឈ្នះជ័យលាភីជា «អង្ករល្អដាច់គេ» របស់ពិភពលោកផងដែរ។

សូមបញ្ជាក់ដែរថា សមាគមសហគ្រាសធុនតូច និងមធ្យមអាស៊ីប៉ាស៊ីហ្វិក (APASME) គឺជាអង្គការមិនរកប្រាក់ចំណេញដែលជំរុញលើកកម្ពស់ភាពជាដៃគូលើវិស័យធុរកិច្ច និងការវិនិយោគនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានបេសកកម្មសម្របសម្រួលនិងជំរុញការផ្លាស់ប្តូរទំនាក់ទំនងរវាងអាជីវកម្មធុនតូច និងមធ្យម ជាមួយគ្រប់វិស័យពាក់ព័ន្ធ៕

Leave a Reply

Your email address will not be published. Required fields are marked *