Advertisement

ក្រុមការងារបច្ចេកទេសអង្គភាពគ្រប់គ្រងគម្រោង និង. ក្រុមការងារបច្ចេកទេសអគ្គិសនីកម្ពុជា និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Yooshin JV បានចុះពិនិត្យការដ្ឋានរួមគ្នាត្រួតពិនិត្យ និងចង្អុលបង្ហាញបណ្តាញថាមពលអគ្គិសនីក្រោមដីលើគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ

ភ្នំពេញ៖ តាមការណែនាំរបស់ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការ និងជានាយកគ្រប់គ្រងគម្រោង ឯកឧត្តម ស៊ឹង សុគង់ អនុរដ្ឋលេខាធិការ បានដឹកនាំក្រុមការងារបច្ចេកទេសអង្គភាពគ្រប់គ្រងគម្រោង រួមជាមួយក្រុមការងារបច្ចេកទេសអគ្គិសនីកម្ពុជា និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Yooshin JV បានចុះពិនិត្យការដ្ឋានរួមគ្នា ដើម្បីពិនិត្យ និងចង្អុលបង្ហាញបណ្តាញបញ្ជូនថាមពលអគ្គិសនីក្រោមដី ដែលមានបច្ចុប្បន្ន ហើយរងប៉ះពាល់ដោយសារគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ កាលពីថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ម្សិលម៉ិញនេះ ។

ក្រុមការងារបច្ចេកទេសអគ្គិសនីកម្ពុជាបានបង្ហាញគំនូសប្លង់ទីតាំងបណ្ដាញបញ្ជូនថាមពលអគ្គិសនី ដែលមានស្រាប់ក្នុង និងជុំវិញបរិវេណគម្រោង ជូនក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Yooshin JV ដើម្បីមានមូលដ្ឋានក្នុងការរៀបចំគម្រោង។ តាមការពិនិត្យស្ថានភាពជាក់ស្តែង ទីតាំងកប់បណ្ដាញបញ្ជូនថាមពលតំបន់នេះ មានបណ្តាញតង់ស្យុងមធ្យម(MV) នៅកប់ក្រោមដី។

ដោយឡែកនៅត្រើយខាងកើត អាចនឹងមានការប៉ះពាល់ទៅបណ្តាញខ្សែក្រោមដី ឬបង្គោលបណ្តាញអគ្គិសនីរបស់សេវាករ ដែលធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនី ស្ថិតក្រោមការរគ្រប់គ្រង និងផ្តល់អាជ្ញាបណ្ណដោយអាជ្ញាធរអគ្គិសនីកម្ពុជា។

សូមជម្រាបផងដែរថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលសិក្សាលម្អិត ជាគម្រោងទទួលបានហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ មានទីតាំងស្ថិតនៅផ្សាររាត្រី-ជ្រោយចង្វារ-អរិយក្សត្រ (ភ្នំពេញ-ក្រុងអរិយក្សត្រ ខេត្តកណ្ដាល)។ ជាប្រភេទស្ពានខ្សែកាប សសរមេមានទម្រង់ជាដៃប្រណម (សំពះ) មានចំនួន២ ឆ្លងទន្លេសាបប្រវែង ១ ០៧០ម៉ែត្រ ទន្លេមេគង្គប្រវែង ១ ២៦២ម៉ែត្រ មានទទឹងស្ពាន ២៦,៥ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែង១១៧៤.៩ម៉ែត្រ៕

Leave a Reply

Your email address will not be published. Required fields are marked *