សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៥ ត្រូវបានព្យាករថានឹងមានកំណើន៦,៣% ក្នុងនោះ វិស័យឧស្សាហកម្ម ព្យាករថាមានកំណើនប្រមាណ ៨,៦%។ថ្លែងក្នុងពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា បើទោះបីសេដ្ឋ កិច្ចសកលនៅបន្តមានបញ្ហាប្រឈមខ្ពស់យ៉ាងណាក្តី សេដ្ឋកិច្ចកម្ពុជានៅតែអាចរក្សាបាននូវស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច ទាក់ទាញការវិនិយោគ និងបង្កើតរោងចក្រ- សហគ្រាសជាបន្តបន្ទាប់ ដែលបានគាំទ្រកំណើនដែល ជំរុញដោយការនាំចេញរបស់កម្ពុជា។
លោកបន្តថា ក្នុងឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជាសម្រេចបានអត្រាកំណើនក្នុងរង្វង់៦% និងត្រូវបានព្យាករថានឹងមានកំណើន៦,៣% ក្នុងឆ្នាំ២០២៥ ដោយក្នុងនោះ វិស័យឧស្សាហកម្មបានរួមចំណែកប្រមាណ ៨,៥% នៅឆ្នាំ២០២៤ និងព្យាករថាមានកំណើនប្រមាណ ៨,៦% នៅក្នុងឆ្នាំ២០២៥។គួរបញ្ជាក់ថា បើតាមរបាយការណ៍ក្រសួងឧស្សាហកម្ម តម្លៃបរិមាណផលិតផលសរុបក្នុងវិស័យឧស្សាហកម្មឆ្នាំ២០២៤ មានចំនួនជាង ១៥ ពាន់លានដុល្លារ ក្នុងនោះតម្លៃបរិមាណផលិតផលបម្រើទីផ្សារក្នុងស្រុកមានជិត ៤ ពាន់លានដុល្លារ និងតម្លៃបរិមាណផលិតផលការនាំចេញមានជាង ១១ ពាន់លានដុល្លារ។
ចំណែកទុនវិនិយោគសរុបនៅលើវិស័យឧស្សាហកម្មធុនធំ ឆ្នាំ២០២៤ មានជាង ២០ ពាន់លានដុល្លារ កើនឡើងជិត ១,៩០០ លានដុល្លារ ស្មើ ១០% បើធៀបទៅនឹងឆ្នាំ២០២៣ ក្នុងនោះទុនវិនិយោគ ក្នុងស្រុក មានជិត ៤ ពាន់លានដុល្លារ ស្មើជាង ១៩ % នៃទុនវិនិយោគសរុប។
សូមបញ្ជាក់បន្ថែមថា បើតាមក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៥-២០២៧ បានឱ្យដឹងថា ទស្សនវិស័យសេដ្ឋកិច្ចរយៈពេលមធ្យម ឆ្នាំ ២០២៥-២០២៧ បានបង្ហាញថា វិស័យឧស្សាហកម្ម ត្រូវបានព្យាករថានឹងមានកំណើនន៨,៦% នៅឆ្នាំ២០២៥ គាំទ្រដោយការរក្សាបានតុល្យភាពនឌអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈអនុវិស័យសំណង់នៅបន្តមានកំណើនទាបជាងនិន្នាការធម្មតា(មុនវិបត្តិកូវីដ១៩)៕
Leave a Reply