សៀមរាប៖ បុរសជនជាតិកូរ៉េ ដែលបានបត់ជើងតូចដាក់ដប ហើយចាក់ចោលនៅ បរិវេណប្រាសាទអង្គរវត្ត បានទទួលស្គាល់កំហុស និងចេញលិខិតសុំទោសជាសាធារណប្រជាជន និងប្រទេសកម្ពុជា ចំពោះទង្វើអសីលធម៌ និងមិនសមរម្យរបស់ខ្លួន។
បុរសរូបនេះ គឺជាអ្នកបកប្រែភាសាបន្ត ពីមគ្គុទ្ទេសក៍ទេសចរណ៍សម្រាប់ទេសចរកូរ៉េ ដែលបាននាំភ្ញៀវទៅទស្សនាប្រាសាទអង្គរវត្ត កាលពីថ្ងៃទី១៣ ខែកុម្ភៈ ហើយអំឡុងពេលនោះមគ្គុទេសក៍រូបនេះ បានបត់ជើងតូចដាក់ដប ហើយចាក់ចោល នៅបរិវេណអង្គរវត្តដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ រូបភាពនៃសកម្មភាពនេះ ត្រូវបានគេថតបាន ហើយបង្ហោះនៅលើបណ្តាញសង្គម។ ទង្វើនេះ បានធ្វើឱ្យសាធារណជន មិនពេញចិត្ត និងរិះគន់ជាបន្តបន្ទាប់។
លុះដល់ថ្ងៃទី២២ ខែកុម្ភៈ អង្គភាពនគរបានទេសចរណ៍ប្រចាំខេត្តសៀមរាប បានកោះហៅអ្នកបកប្រែរូបនេះ មកសាកសួរ និងណែនាំ។ តាមរយៈការសួរនាំ ទើបដឹងថា បុរសរូបនេះ មានជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ ដែលពិបាកគ្រប់គ្រងការបត់ជើងតូចរបស់ខ្លួន។
អង្គភាពនគរបានទេសចរណ៍ប្រចាំខេត្តសៀមរាប បញ្ជាក់នៅលើទំព័រហ្វេសប៊ុកដូច្នេះ៖«ដោយសារបុរសនោះមានជំងឺ «ខ្សោយតម្រងនោមរ៉ាំរ៉ៃ ដែលធ្វើឱ្យបុរសរូបនោះ មិនអាចគ្រប់គ្រងការបន្ទោបង់ខ្លួនបានទាន់ពេលវេលា។»។
ទោះយ៉ាងណា បុរសជនជាតិកូរ៉េរូបនេះ បានទទួលស្គាល់កំហុស និងបានធ្វើកិច្ចសន្យា ហើយចេញវីដេអូសុំទោសចំពោះទង្វើខ្លួន។ ទន្ទឹមនឹងនេះ អ្នកបកប្រែភាសារូបនេះ បានស្ម័គ្រចិត្តប្រគល់អាជ្ញាប័ណ្ណ ឲ្យមន្ទីរទេសចរណ៍រក្សាទុកបណ្តោះអាសន្ន រង់ចាំជំងឺរបស់ខ្លួនបានធូរស្រាលទើបស្នើសុំយកមកវិញ ដើម្បីកុំឱ្យមានការប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរនៃប្រាង្គប្រាសាទ ក៏ដូចជាភ្ញៀវទេសចរដែលទស្សនាតាមប្រាង្គប្រាសាទរបស់កម្ពុជា។ នេះបើតាមការបញ្ជាក់របស់ អង្គភាពនគរបានទេសចរណ៍ប្រចាំខេត្តសៀមរាប៕
Leave a Reply