Advertisement

កម្ពុជា និងធនាគារពិភពលោក កំពុងរួមគ្នាពង្រឹងនូវប្រសិទ្ធភាពនៃច្រករបៀងសេដ្ឋកិច្ចតាមព្រំដែន

ក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយក្រុមការងាររបស់ធនាគារពិភពលោក ដើម្បីរួមគ្នាពង្រឹងនូវប្រសិទ្ធភាពនៃច្រករបៀងសេដ្ឋកិច្ចតាមព្រំដែន សំដៅឈានទៅកាត់បន្ថយចំណាយ និងថ្លៃដើមនៃការធ្វើពាណិជ្ជកម្ម។នេះបើយោងតាមជមនួបពិភាក្សា រវាងលោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយក្រុមការងាររបស់ធនាគារពិភពលោក ដែលដឹកនាំដោយ លោក Sebastian Eckardt ប្រធានអនុវត្តគោលនយោបាយសេដ្ឋកិច្ច និងជាអ្នកដឹកនាំក្រុមការងារ (TTL)កាលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កិច្ចពិភាក្សាបានផ្តោតលើការការគាំទ្រដែលមានសក្តានុពលសម្រាប់គម្រោង Cambodia Regional Connectivity Improvement Project ដោយសង្កត់ធ្ងន់លើកិច្ចសម្រួលពាណិជ្ជកម្ម ដែលភាគីទាំងពីរបានរិះរកមធ្យោបាយដើម្បីបង្កើនជំនួយផ្នែកហិរញ្ញវត្ថុ សំដៅពង្រឹងនូវប្រសិទ្ធភាពនៃច្រករបៀងសេដ្ឋកិច្ចតាមព្រំដែន ក្នុងគោលបំណងកាត់បន្ថយចំណាយ និងថ្លៃដើមនៃការធ្វើពាណិជ្ជកម្មកាន់មានតម្លៃទាប។បន្ថែមពីនេះ កិច្ចប្រជុំនេះ ក៏បានលើកឡើងពីការអនុវត្តជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រួលពាណិជ្ជកម្ម ក្រោមកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO TFA) រួមមាន៖ ពាណិជ្ជកម្មតាមប្រព័ន្ធឌីយីថល ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ការទូទាត់តាមអនឡាញ ការពង្រឹងនីតិវិធីដឹកជញ្ជូនទំនិញឆ្លងកាត់ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងកាត់ព្រំដែនជាមួយប្រទេសជិតខាង ការធ្វើសាមញ្ញកម្មប្រព័ន្ធគយ ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការពង្រីកបន្ថែមទៀតនូវទំហំការងារប្រព័ន្ធបញ្ជរតែមួយជាតិ និងការបណ្តុះបណ្តាលមន្រ្តីជំនាញសម្រួលពាណិជ្ជកម្ម ជាដើម។

សូមជម្រាបជូនដែរថា ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយបណ្តាប្រទេសជាសមាជិក​អាស៊ានមាន​ទំហំទឹកប្រាក់ជាង ១៤,៣ពាន់​លានដុល្លារ​ កើនឡើង ១២,​៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយរកាណ៍របស់ក្រសួងពាណិជ្ជកម្ម។

បើតាមរបាយការណ៍នេះ កម្ពុជាបាន​នាំចេញ​ទំនិញ​​ក្នុងទំហំទឹកប្រាក់ជាង ៤.៦២០លានដុល្លារ កើនឡើង ៨,៨៧ ភាគរយ ខណៈ​ការនាំចូលពីបណ្តាប្រទេសសមាជិក​អាស៊ានចូលមក​កាន់កម្ពុជាមានទឹកប្រាក់ ៩.៦៨៩លានដុល្លារ កើនឡើង ១៤,៨៥ ភាគរយ។

ក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ មានប្រទេសចំនួន៥ ដែលជាដៃ​គូ​ពាណិជ្ជកម្មកំពូល របស់កម្ពុជា រួមមាន៖ ប្រទេសវៀតណាម ថៃ សិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី៕

Leave a Reply

Your email address will not be published. Required fields are marked *