Advertisement

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែង បុគ្គល ពេជ ពិសិដ្ឋ ដែលហៅខ្លួនឯង អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត ចាប់ជាតិ ឱ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី០៨ ខែកុម្ភៈ នេះ បន្ទាប់ពីបុគ្គលនេះបានសារភាពទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរឆជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។

អ្នកនាំពាក្យ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឱ្យដឹងថាកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ សមត្ថកិច្ចបានកោះហៅបុគ្គលឈ្មោះ ពេជ ពិសិដ្ឋ ឲ្យចូលខ្លួន បំភ្លឺពាក់ព័ន្ធនឹងការប្រើប្រាស់បណ្តាញសង្គម ក្រោយពីបុគ្គលរូបនេះបានតាំងខ្លួនជាលោក ស៊ិន ស៊ីសាមុត ចាប់ជាតិ តាមបណ្តាញទំនាក់ទំនងសង្គម ។ ក្រោយពីទទួលបានលិខិតកោះហៅឲ្យចូលខ្លួនបំភ្លឺ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បុគ្គលរូបនេះ បានធ្វើការផ្សាយផ្ទាល់តាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបានបរិយាយចោទប្រកាន់ មកលើការដឹកនាំ របស់រាជរដ្ឋាភិបាល និងមន្ត្រីរាជការសាធារណៈ។

ជុំវិញបញ្ហានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ជាក់ថា សមត្ថកិច្ចជំនាញបានសម្រេចធ្វើការឃាត់ ខ្លួនបុគ្គលឈ្មោះ ពេជ ពិសិដ្ឋ នេះគឺធ្វើឡើងដោយចោទប្រកាន់ពាក់ព័ន្ធនឹងការញុះញង់ឲ្យមានការរើសអើង និងការ ប្រមាថរាជរដ្ឋាភិបាល និងមន្ត្រីរាជការសាធារណៈតាមបណ្តាញសង្គម ដូចការរៀបរាប់ខាងលើ ។

ក្រោយពីការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសួរនាំ ហើយសាមីខ្លួនបាន សារភាពអំពីអំពើល្មើសច្បាប់របស់ខ្លួនពិតមែន។ ដោយសាមីខ្លួនបានទទួលស្គាល់ និងសន្យាកែខ្លួន តំណាងអយ្យការ បានសម្រេចឲ្យដោះលែងមានសេរីភាពវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *