ភ្នំពេញ៖ សហព័ន្ធគុនខ្មែរអន្ដរជាតិ (KIF) នឹងជ្រើសរើសសិក្ខាកាមចំនួន ៥០នាក់ ចូលរួមក្នុងបណ្ដុះបណ្ដាលវគ្គអាជ្ញាកណ្ដាល ចៅក្រមអន្ដរជាតិ អាជ្ញាប័ណ្ណកម្រិត C។ លោក ជឹម ធារ៉ា អ្នកទទួលចុះឈ្មោះសិក្ខាកាម បានបញ្ជាក់ថា មានបេក្ខជន និងបេក្ខនារីច្រើនចាប់អារម្មណ៍លើវគ្គបណ្ដុះបណ្ដាលនេះ ប៉ុន្ដែសហព័ន្ធ នឹងរើសយកបេក្ខជន ដែលមានសក្ដានុពល ៥០នាក់ប៉ុណ្ណោះ។ វគ្គបណ្ដុះបណ្ដាលនេះ នឹងត្រូវធ្វើនៅថ្ងៃទី២៧-២៨ ខែកុម្ភៈ ឆ្នាំ២០២៥។
KIF បញ្ជាក់ថាមន្ដ្រីអាជ្ញាកណ្ដាល ចៅក្រមអន្ដរជាតិ នឹងមានសិទ្ធិចូលរួមគ្រប់ការប្រកួតអន្ដរជាតិទាំងក្នុង និងក្រៅប្រទេស។ រាល់ការប្រកួតទាំងឡាយណា ដែលរៀបចំចាប់ពី ៥ប្រទេសចូលរួម ត្រូវតែស្នើសុំអាជ្ញាប័ណ្ណរៀបចំកម្មវិធី និងស្នើសុំមន្ដ្រីបច្ចេកទេសអន្ដរជាតិរបស់ KIF។
KIF នឹងបណ្ដុះបណ្ដាលសិក្ខាកាមចំនួន ៥០នាក់ ដើម្បីពង្រឹកការគ្រប់គ្រងដឹកនាំ និងអភិវឌ្ឍគុនខ្មែរទៅតាមបទបញ្ញាត្តិ និងលក្ខន្ដិកៈអន្ដរជាតិ។ បេក្ខជនទាំងអស់ អាចចុះឈ្មោះដោយសេរី ប៉ុន្ដែសហព័ន្ធ នឹងរើសយកបេក្ខជន ដែលមានសក្ដានុពល ចំនួន៥០នាក់ប៉ុណ្ណោះ។
បេក្ខជនភាគច្រើន មានមូលដ្ឋានក្នុងក្បាច់គុនខ្មែរ ដោយខ្លះជាអតីតកីឡាករគុនខ្មែរ មន្ដ្រីអាជ្ញាកណ្ដាលគុនខ្មែរ អ្នកហាត់គុនល្បុក្កតោ អ្នកហាត់យុទ្ធក្រមខម អ្នកហាត់គុនចម្រុះ ជាដើម។ អ្នកចុះឈ្មោះរូបនេះ បញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ មានការចាប់អារម្មណ៍ច្រើន ដោយសារចំនួនអ្នកចុះឈ្មោះ លើសពី៥០នាក់ ហើយអាចឈានដល់១០០នាក់ មុនពេលបិទការចុះឈ្មោះ នាថ្ងៃទី២០ ខែកុម្ភៈ។ លោក ជឹម ធារ៉ា មិនបានបញ្ជាក់ពីចំនួន ដែលបានចុះឈ្មោះទេ ប៉ុន្ដែរូបលោក បញ្ជាក់ថា ក្នុងនោះ មានស្ដ្រីចំនួន ៥នាក់បានចុះឈ្មោះ។
ការប្រកាសជ្រើសរើសនេះ គឺស្របពេលដែលសហព័ន្ធគុនខ្មែរអន្តរជាតិ បានតម្រូវឱ្យ សហព័ន្ធប្រដាល់គុនខ្មែរជាតិ និងអន្តរជាតិ ដែលជាសមាជិករបស់ខ្លួន នៅគ្រប់ប្រទេសទាំងអស់ ស្នើសុំអាជ្ញាបណ្ណរៀបចំការប្រកួត ប្រកួតកីឡាគុនខ្មែរលក្ខណៈជាតិ និងអន្តរជាតិ ទាំងក្នុង និងក្រៅប្រទេស ដែលមានការចូលរួមចាប់ពី ៥ ប្រទេសឡើងទៅ។ ក្នុងការប្រកួតនោះ KIF ក៏តម្រូវឱ្យយកអាជ្ញាកណ្តាល ចៅក្រមអន្តរជាតិ របស់ខ្លួនដែរ។ ការណ៍ដែល សហព័ន្ធគុនខ្មែរអន្តរជាតិ តម្រូវបែបនេះ គឺដើម្បីពង្រឹងការគ្រប់គ្រងដឹកនាំ និងអភិវឌ្ឍកីឡាគុនខ្មែរអន្តរជាតិស្របតាមបទប្បញ្ញត្តិ និងលក្ខន្តិកៈសហព័ន្ធគុនខ្មែរអន្តរជាតិ៕
Leave a Reply