អាមេរិក៖ ចៅក្រមសហព័ន្ធកាលពីថ្ងៃទី៧ កុម្ភៈ បានរារាំងជាបណ្តោះអាសន្ននូវផែនការរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ក្នុងការបញ្ឈប់បុគ្គលិកចំនួន២,២០០នាក់នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ពីការងារ។ ចៅក្រមលោក Carl Nichols បានឱ្យដឹងថា នៅដើមសប្តាហ៍នេះ តុលាការអាមេរិកបានទទួលពាក្យបណ្តឹងរបស់ក្រុមសហជីព និងសមាគមសេវាកម្មបរទេសអាមេរិក ហើយនឹងចេញដីកាដើម្បីបញ្ឈប់ផែនការរបស់រដ្ឋបាលរបស់លោកត្រាំ ដែលប៉ុនប៉ងបិទទីភ្នាក់ងារជំនួយUSAID ហើយទុកពេល៣០ថ្ងៃឱ្យបុគ្គលិក USAID រាប់ពាន់នាក់នៅបរទេសនាំក្រុមគ្រួសារពួកគេត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។
ការចេញដីការបស់តុលាការសហព័ន្ធដោយយោងលើហេតុផលថា ប្រធានាធិបតីអាមេរិកលោកត្រាំ កំពុងបំពានរដ្ឋធម្មនុញ្ញអាមេរិក និងច្បាប់សហព័ន្ធ ដោយប៉ុនប៉ងរុះរើទីភ្នាក់ងារជំនួយនេះមិនឆ្លងកាត់ការយល់ព្រមពីសភា។ ពោលយោងទៅតាមលក្ខន្តិកៈសហព័ន្ធ សភាគឺជាអង្គភាពតែមួយគត់ដែលអាចរុះរើទីភ្នាក់ងារនេះដោយស្របច្បាប់។ យ៉ាងណាតំណាងឱ្យរដ្ឋបាលត្រាំ បានប្រាប់ចៅក្រមថាការបញ្ឈប់នេះ ដោយសារលោកប្រធានាធិបតីសង្ស័យថាមានអំពើពុករលួយ និងការក្លែងបន្លំ ក្នុងប្រព័ន្ធផ្តល់ជំនួយទៅបរទេស។
ទីភ្នាក់ងារUSAID បានដំណើរការកម្មវិធីសុខភាព អភិវឌ្ឍន៍សង្គម និងសង្គ្រោះបន្ទាន់ក្នុងប្រទេសជុំវិញចំនួន១២០ រួមទាំងនៅក្នុងតំបន់ក្រីក្របំផុតរបស់ពិភពលោក។ ប្រធានទីភ្នាក់ងារ USAID ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី ចូបាយដិន បានសរសេរនៅក្នុងមតិរិះគន់ថា៖«យើងកំពុងឃើញពីកំហុសនយោបាយបរទេសដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក»។
ចំណែកប្រធានកម្មវិធីរបស់អង្គការសហប្រជាជាតិសម្រាប់ការដោះស្រាយជំងឺអេដស៍បាននិយាយថាការកាត់បន្ថយនេះនឹងមានផលប៉ះពាល់យ៉ាងខ្លាំងនៅទូទាំងពិភពលោក។
រហូតមកដល់ពេលនេះសហរដ្ឋអាមេរិកគឺជាអ្នកផ្តល់ជំនួយមនុស្សធម៌ដ៏ធំបំផុតតែមួយគត់នៅជុំវិញពិភពលោក។ ថវិការបស់ទីភ្នាក់ងារ USAID មានចំនួនប្រហែល៤ពាន់លាន់ដុល្លារ ស្មើរនឹង០.៦ភាគរយនៃការចំណាយសរុបរបស់រដ្ឋាភិបាលអាមេរិកប្រចាំឆ្នាំ៕
Leave a Reply